មន្រ្កីសាធារណៈការទទួលបានវគ្គបណ្តុះបណ្តាលខ្លីលើគំរោងធ្វើទំនើបកម្មប្រព័ន្ឋភស្តុភារកម្មនៅកូរ៉េ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ មន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចូលរួមវគ្គបណ្តុះបណ្តាល និងទស្សនកិច្ចសិក្សាទីតាំងសំខាន់ៗពាក់ព័ន្ធវិស័យភស្តុភារកម្ម នៅសាធារណរដ្ឋកូរ៉េ។

វគ្គសិក្សា និងដំណើរទស្សនកិច្ចសិក្សានេះ បានចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ របស់មន្ត្រីអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោកអគ្គនាយកឈៀង ពេជ្រ ។

វគ្គបណ្ដុះបណ្ដាលស្ថិតក្នុងគម្រោង “ការធ្វើទំនើបកម្មប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា និងការអនុវត្តសាកល្បងនៃប្រព័ន្ធកុំព្យូទ័រក្នុងវិស័យភស្តុភារកម្ម” ក្រោមកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ សាធារណរដ្ឋកូរ៉េ (Korea’s ODA) តាមរយៈក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងជាមួយនឹងគោលបំណងសំខាន់ៗដូចជា ទី១ ពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងសំខាន់ៗក្នុងការរៀបចំផែនការ និងវិធីសាស្រ្តវិភាគផលចំណេញ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ទី២ ផ្តល់ចំណេះដឹងអំពីការធ្វើទំនើបកម្មទិន្នន័យក្នុងវិស័យភស្តុភារកម្ម និងទី៣ ការស្វែងយល់ការអនុវត្តជាក់ស្តែងនៃការធ្វើទំនើបកម្ម វិស័យភស្តុភារកម្មនៅសាធារណរដ្ឋកូរ៉េ។

វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការចូលរួមពីវិស័យឯកជន ដែលជាភ្នាក់ងារអនុវត្តប្រព័ន្ធសាកល្បង (Pilot Project) សម្រាប់ការធ្វើទំនើបកម្មក្នុងវិស័យភស្តុភារកម្មផងដែរ។

វគ្គបណ្ដុះបណ្ដាលនៅក្នុងថ្នាក់ មានប្រធានបទដូចជា (១) ការវិភាគសេដ្ឋកិច្ចនៃវិស័យភស្តុភារកម្ម ក្នុងគម្រោង ODA, ការគណនាអត្រាចំណេញត្រឡប់វិញផ្នែកសេដ្ឋកិច្ច និងផ្នែកហិរញ្ញវត្ថុ (EIRR & FIRR), (២) បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម ក្នុងវិស័យភស្តុភារកម្ម, (៣) ការណែនាំ និងការអនុវត្តបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម ក្នុងឧស្សាហកម្មដឹកជញ្ជូនចុងក្រោយ ករណីសិក្សានៅប្រទេសកូរ៉េ, (៤) ប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូន និង(៥) ទិដ្ឋភាពទូទៅនៃភស្តុភារកម្មតាមផ្លូវអាកាស និងភស្តុភារកម្មបែបឆ្លាតវៃ នៅអាកាសយានដ្ឋាន។

ដោយឡែក ការចុះទស្សនកិច្ចសិក្សា ធ្វើឡើងនៅតាមទីតាំងសំខាន់ៗនានា រួមមាន (១) ក្រុមហ៊ុន Korean Superfreeze (២) សាលពិព័រណ៍អាជ្ញាធរកំពង់ផែ Yeosu-Gwangyang, (៣) សាលពិព័រណ៍អាជ្ញាធរកំពង់ផែ Busan និងសាលពិព័រណ៍អាជ្ញាធរតំបន់សេដ្ឋកិច្ចសេរី Busan-Jinhae។

លោកអគ្គនាយក ក៏បានណែនាំដល់សិក្ខាកាម ចូលរួមទាំងអស់ ទាំងមន្រ្តីរាជការ និងបុគ្គលិកវិស័យឯកជន ត្រូវយកចិត្តទុកដាក់ក្រេបយកចំណេះដឹងឱ្យអស់លទ្ធភាព ពីវគ្គបណ្ដុះបណ្ដាល និងទស្សកិច្ចសិក្សានាឱកាសនេះ ដើម្បីយកចំណេះដឹងទាំងនោះ ទៅអនុវត្តនៅក្នុងការងារប្រចាំថ្ងៃរបស់ខ្លួន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here