តម្លៃប្រេងម៉ាស៊ូតនៅប្រទេសថៃ នឹងធ្លាក់ចុះមកនៅក្រោម៣០បាតក្នុងមួយលីត្រនៅព្រឹកថ្ងៃពុធនេះ

ដោយៈ តែម សុខុម

បាងកក: តម្លៃប្រេងម៉ាស៊ូតក្នុងប្រទេសថៃ នឹងត្រូវបញ្ចុះ២បាត (២៣០រៀល) ក្នុងមួយលីត្រមកនៅត្រឹម២៩,៩៤បាត (៣.៤៣១រៀល) នៅព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា នេះ។ នេះបើយោងតាមក្រុមហ៊ុនប្រេងលក់រាយ PTT និងក្រុមហ៊ុនថាមពល Bangchak បានប្រកាសកាលពីយប់ថ្ងៃអង្គារ ទី១៩ ខែកញ្ញា។

ការបញ្ចុះថ្លៃនេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលោក Srettha Thavisin នៅក្នុងការបញ្ចុះថ្លៃថាមពល សម្រា​ប់អ្នកប្រើប្រាស់ និងអាជីវកម្មនានា តាមរយៈការបញ្ចុះថ្លៃប្រេងម៉ាស៊ូត អគ្គិសនី និងឧស្ម័ន LPG (ហ្គាស) ដែលប្រើប្រាស់សម្រាប់ដុតចម្អិនអាហារ។

គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ ទី១៩ ខែកញ្ញា បានសម្រេចបញ្ចុះពន្ធ លើប្រេងម៉ាស៊ូតចំនួន២,៥០បាត (២៨៦រៀល) ដែលមានប្រសិទ្ធភាពអនុវត្តន៍ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំនេះ។ បច្ចុប្បន្ន ប្រេងម៉ាស៊ូត មានតម្លៃ៣១,៩៤បាត (៣.៦៦០រៀល) ក្នុងមួយលីត្រ។អាជ្ញាធរថៃ បាននិងកំពុងប្រើប្រាស់មូលនិធិប្រេងឥន្ធនៈ (Oil Fuel Fund) ដើម្បីផ្ដល់ឧបត្ថម្ភ ដល់តម្លៃប្រេងម៉ាស៊ូតជាង៨បាត (៩១៧រៀល) ក្នុងមួយលីត្រ ដើម្បីរក្សាតម្លៃឱ្យនៅត្រឹម៣១,៩៤បាត (៣.៦៦០រៀល) ក្នុងមួយលីត្រ បន្ទាប់ពីការលើកលែងពន្ធលើតម្លៃប្រេងម៉ាស៊ូត៥បាត (៥៧៣រៀល) បានផុតកំណត់កាលពីថ្ងៃទី២០ ខែកក្កដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Wattanapong Kurovat អគ្គនាយកនៃការិយាល័យគោលនយោបាយ និងផែនការថាមពល (Eppo) បានលើកឡើងនៅមុននេះថា លោករំពឹងថា តម្លៃថាមពលនឹងនៅតែស្ថិត ក្នុងអត្រាខ្ពស់រហូតដល់ដាច់ឆ្នាំនេះ ប៉ុន្តែតម្លៃជាមធ្យមអាចទាបជាងឆ្នាំមុន ជាពេលដែលថ្លៃហក់ឡើងស្រឺតៗ ដោយសារការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

យោងតាមការិយាល័យគោលនយោបាយ និងផែនការថាមពល (Eppo) ឱ្យដឹងថា តម្លៃឧស្ម័ន LPG ត្រូវបានរំពឹងថា នឹងនៅតែខ្ពស់ ទោះបីជាតម្លៃជាមធ្យម បានធ្លាក់ចុះពី៦៤៤ដុល្លារ ក្នុងមួយតោនក្នុងត្រីមាសទី១ មកនៅត្រឹម៤៧៩ដុល្លារ ក្នុងមួយតោនក្នុងត្រីមាសទី២ យ៉ាងណាក្ដី។

តម្លៃឧស្ម័ន LPG អាចនឹងឡើងដល់ចន្លោះពី៥០០ដុល្លារ ទៅ៦០០ដុល្លារ ក្នុងមួយតោនក្នុងត្រីមាសទី៤ ចុងឆ្នាំនេះ នៅពេលដែលតម្រូវការឧស្ម័ន សម្រាប់ដុតរក្សាភាពកក់ក្ដៅក្នុងផ្ទះ បានកើនឡើងក្នុងរដូវរងា៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here