ក្រុមហ៊ុនសំណង់ធំមួយនៅអាស៊ីបង្ហាញពីសញ្ញារីកចម្រើនជាវិជ្ជមានក្នុងត្រីមាសទី៣

        ដោយលក្ខិណា

ភ្នំពេញៈ ក្រុមហ៊ុនធ្វើអាជីវកម្មវិស័យសំណង់នៅអាស៊ីអាគ្នេយ៍ បានបង្ហាញពីភាពល្អប្រសើរឡើងវិញ នៃអាជីវកម្មរបស់ខ្លួន ក្នុងត្រីមាសទី៣នៃឆ្នាំ ២០២០នេះ បន្ទាប់ពីរយៈពេលប៉ុន្មានខែកន្លងមក ទទួលរងផលប៉ះពាល់ពីកូវីដ១៩។

ក្រុមហ៊ុនអេស៊ីជី បានបង្ហាញពីកំណើននៃប្រាក់ចំណេញ សម្រាប់ត្រីមាសទី៣នៃឆ្នាំ២០២០នេះរហូតដល់៥៧ភាគរយជាវិជ្ជមាន ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ។ កំណើននេះ ដោយសារការងើបឡើងវិញ នៃទីផ្សារផលិតផលគីមី អាជីវកម្មវេចខ្ចប់រឹងមាំ និងកំណើនផលិតផលនិងសេវាកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ (HVA); អេសស៊ីជី ត្រៀមខ្លួនរួចរាល់ នៅក្នុងការអនុវត្តយុទ្ធសាស្ត្រអាជីវកម្មបត់បែនរហ័ស ដើម្បីសម្រេចបានកំណើននាពេលខាងមុខ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Roongrote Rangsiyopash ប្រធាននិងអគ្គនាយក អេសស៊ីជីបានប្រាប់ឱ្យដឹងថា លទ្ធផលប្រតិបត្តិការមិនទាន់ធ្វើសវនកម្ម របស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ បានបង្ហាញនូវចំណូលពីការលក់ បានចំនួន៣២២២លានដុល្លារអាមេរិកកើនឡើង៥% បើប្រៀបធៀបនឹងត្រីមាសមុន ។ ទន្ទឹមនឹងនេះដែរ ប្រាក់ចំណេញសម្រាប់រយៈពេលនេះ សម្រេចបានសរុប៣១១លានដុល្លារអាមេរិក កើនឡើង៤% ។

កំណើននេះ គឺដោយសារភាពប្រសើរឡើងវិញ នៃអាជីវកម្មផលិតផលគីមី ដែលជំរុញដោយតម្រូវការកើនឡើង នៅក្នុងប្រទេសចិន និងនៅតំបន់អាស៊ី ជាទូទៅ និងលទ្ធផលអាជីវកម្មល្អប្រសើរជាងមុននៅក្នុងធុរកិច្ចស៊ីម៉ងត៍-គ្រឿងសំណង់ ។

ចំពោះលទ្ធផលប្រតិបត្តិការ ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២០វិញ អេសស៊ីជី សម្រេ​ចបានចំណូលពីការលក់ ចំនួន៩៦០២លានដុល្លារអាមេរិក ធ្លាក់ចុះ៩%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយសារតែតម្លៃលក់ផលិតផលគីមីធ្លាក់ចុះ ស្របគ្នានឹងការធ្លាក់ចុះនៃតម្លៃប្រេង ។

ប្រាក់ចំណេញសម្រាប់រយៈពេល៩ខែនៃឆ្នាំ២០២០ សម្រេចបានសរុប៨២៨លានដុល្លារអាមេរិក កើនឡើង៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយសារតែកំណើ​នប្រាក់ចំណេញ ពីវិស័យធុរកិច្ចស៊ីម៉ងត៍-គ្រឿងសំណង់ និងធុរកិច្ចវេចខ្ចប់។ ស្ថានភាពអាជីវកម្មទូទៅ នៅតែរក្សាបាននូវភាពបត់បែននិងឆ្លើយតបរហ័ស ទាន់សភាពការណ៍ ។ បច្ចេកវិទ្យាត្រូវបានប្រើប្រាស់ ដើម្បីសម្រួលដល់ខ្សែចង្វាក់ផ្គត់ផ្គង់ទាំងមូល ។

ផ្អែកតាមរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២០ អេសស៊ីជីនៅកម្ពុជាវិញ មានទ្រព្យសរុបចំនួន៣៧៩លានដុល្លារអាមេរិក ដែលកើនឡើង៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ ក្រុមហ៊ុនសម្រេចបានចំណូលចំនួន៥៧,៦លានដុល្លារអាមេរិក ពីអាជីវកម្មផលិតស៊ីម៉ងត៍ និងអាជីវកម្មលក់គ្រឿងសំណង់ ។ តួលេខនេះធ្លាក់ចុះ៦,៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

សម្រាប់រយៈពេល៩ខែនៃឆ្នាំ២០២០ ទីផ្សារកម្ពុជារបស់ អេសស៊ីជី សម្រេចបានចំណូលពីការលក់ចំនួន១៩២,៥លានដុល្លារអាមេរិក ។

លោក Roongrote មានប្រសាសន៍ថា លទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ និងរយៈពេល៩ខែនៃឆ្នាំ២០២០ សម្រេចបានកំណើនវិជ្ជមាន បើទោះបីស្ថិតក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ-១៩ក្ដី។ វឌ្ឍនភាពនេះសម្រេចបាន ដោយសារតែការរើបឡើងវិញនៅក្នុងទីផ្សារផលិតផលគីមី និងការប្រសើរឡើងគួរឲ្យកត់សម្គាល់នៃផលិតផល ក្នុងវិស័យកសិកម្ម យានយន្ត និងទំនិញប្រើប្រាស់ជាប់បានយូរ។

គំរូអាជីវកម្មពិសេសរបស់វិស័យធុរកិច្ចវេចខ្ចប់ បានផ្ដល់នូវដំណោះស្រាយជាកញ្ច​ប់ ដើម្បីសម្រេចបាននូវកំណើនដែលមានគុណភាព។ លើសពីនេះទៀត កិច្ចប្រឹងប្រែងកែទម្រង់អាជីវកម្ម បានផ្ដល់លទ្ធភាពឲ្យក្រុមហ៊ុនអាចបន់បែនរហ័ស និងដើរបានមុនសភាពការណ៍ ។ កិច្ចប្រឹងប្រែងទាំងនេះ សម្រេចបាននូវការកែលម្អទៅលើផលិតផល និងសេវាកម្មនានា ដោយរួមបញ្ចូលបន្ថែមនូវដំណោះស្រាយជាកញ្ចប់ ការលក់តាមគ្រប់ច្រកសកម្មទាំងអស់ ផលិតផលនិងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) និងផលិតផលដែលស្របទៅនឹងសេដ្ឋកិច្ចវិលជុំ (Circular Economy) ។

ក្រៅពីនេះ អេសស៊ីជី ក៏រក្សានូវស្ថានភាពត្រៀមលក្ខណៈជានិច្ច ដើម្បីរុករកឱកាសអាជីវកម្មថ្មីៗ ត្រៀមខ្លួនសម្រាប់ពេលដែលទីផ្សារល្អប្រសើរឡើងវិញ និងត្រួសត្រាយផ្លូវសម្រាប់កំណើនរយៈពេលវែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here