អាជីវកម្មដែលមានចំណូលប្រចាំឆ្នាំតិចជាង២៥០លានរៀល ឬ៦ម៉ឺនដុល្លារ មិនតម្រូវឱ្យចុះបញ្ជីពន្ធទេ

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការប្រកបរបររស៊ី ឬការធ្វើជំនួញ ឬធ្វើពាណិជ្ជកម្ម​ ​ត្រូវបានតម្រូវឱ្យម្ចាស់អាជីវកម្មទៅចុះបញ្ជី និងសុំលិខិតបញ្ជាក់ពីអាជ្ញាធរ ដើម្បីបញ្ជាក់ពីការរស៊ីដោយស្របច្បាប់។

ប៉ុន្តែជារឿយអ្នករកស៊ីមួយចំនួន ជាពិសេសអ្នកប្រកបអាជីវកម្មតូចតាច តែងតែត្អូញ ​និងខ្លាចរអាក្នុងការទៅចុះបញ្ជី ដោយខ្លាចក្នុងការបង់ពន្ធច្រើន​ ដោយសារតែពួកគាត់មិនបានស្វែងយល់ ឱ្យបានស៊ីជម្រៅពីប្រភេទអាជីវកម្ម ដែលជាប់ពន្ធ និងមិនជាប់ពន្ធ។

នេះគឺជាអ្វីដែលម្ចាស់អាជីវកម្ម ត្រូវស្វែងយល់ ដើម្បីជៀសវាងមន្រ្តីខិលខូចមួយចំនួន ទៅគម្រាមកំហែងទារប្រាក់ ដែលនាំឱ្យប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ​អាជីវកម្មដែលមានផលរបរចំណូលដុលសរុប ប្រចាំឆ្នាំតិចជាង២៥០លានរៀល ​ឬ៦ម៉ឺនដុល្លារ​ នឹងមិនតម្រូវឱ្យទៅចុះបញ្ជីពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារនោះទេ ខណៈអាជីវកម្មតូចតាច ក៏មិនត្រូវឱ្យសុំសេវារដ្ឋបាល នៅតាមក្រុង ស្រុកដែរ ​ដើម្បីកុំឱ្យប៉ះពាល់ទៅដល់អ្នករកស៊ីរបរតូចតាច​​។

លោកបានឱ្យដឹងថា សម្រាប់អាជីវកម្ម ដែលទទួលបានចំណូលលើពី​២៥០លានរៀល ដល់៧៥០លានរៀល ឬប្រមាណ១៨ម៉ឺនដុល្លារ ​តម្រូវឱ្យចុះបញ្ជីជាប់ពន្ធតូច ​ដែលជាប្រភេទអាជីវកម្មកត់ត្រា នូវបញ្ជីស្នាមលក្ខណៈសាមញ្ញ ដោយកត់ត្រាតែចំណូល និងចំណាយប៉ុណ្ណោះ។

ចំណែកអាជីវកម្ម ដែលទទួលបានចំណូលលើសពី៧៥០លានរៀល ដល់៤០ពាន់លានរៀល ឬប្រមាណ១លានដុល្លារ ជាប់ពន្ធមធ្យម ដែលម្ចាស់អាជីវកម្ម តម្រូវឱ្យមានការចុះបញ្ជីឱ្យបានច្បាស់លា​ស់ និងត្រឹមត្រូវ​​។

នៅកម្មវិធីផ្សាយផ្ទាល់ ក្រោមប្រធានបទស្ដីពី “ការយល់ដឹងពីពន្ធដារ» នៅថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២៣​ លោក គង់ វិបុល លើកទឹកចិត្តដល់ម្ចាស់អាជីវកម្មទាំងអស់ ដែលមានផលចំណូលតាមច្បាប់កំណត់ទៅចុះបញ្ជី ដើម្បីតម្លាភាពក្នុងការបង់ពន្ធ​ និងជៀសវាងការផាកពិន័យ ឬការចាត់វិធានការណាមួយ ដែលនាំឱ្យប៉ះពាល់ដល់អាជីវកម្ម។

លោកបន្តថា អគ្គនាយកដ្ឋានពន្ធដារ មានគោលការណ៍ច្បាស់​លាស់ ក្នុងការ​ជំរុញម្ចាស់អាជីវកម្មមកឱ្យចុះបញ្ជី​។ នៅពេលដែលម្ចាស់អាជីវកម្មមកចុះ នៅក្នុងប្រព័ន្ធ Cam DX ឬប្រព័ន្ធអនឡាញ អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើការបែងចែកពីកម្រិតអាជីវកម្ម ដែលត្រូវជាប់ពន្ធ ដូចជាប្រភេទពន្ធតូច ពន្ធមធ្យម និងពន្ធធំ។

​ប៉ុន្តែអាជីវកម្ម ដែលទទួលបានតិចជាង២៥០លានរៀល ​ឬ៦ម៉ឺនដុល្លារ​ ​មិនតម្រូវឱ្យទៅចុះបញ្ជីពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារនោះទេ ​​ ​ហើយប្រសិនបើមន្រ្តីឆក់ឱកាសមួយចំនួន ​ទៅគម្រាមកំហែងសូមរាយការណ៍មកអគ្គនាយកដ្ឋានពន្ធដារ។

យោងតាមរបាយការណ៍ អគ្គនាយកពន្ធដារ៨ខែឆ្នាំ២០២៣នេះ មានជាង៩​៨០០សហគ្រាស បានចុះបញ្ជីនៅក្នុងប្រព័ន្ធ Cam DX និងចុះបញ្ជីផ្ទាល់ជាង៩០០សហគ្រាស។

ដោយឡែកសម្រាប់អាជីវកម្ម ប្រកប​តូចតាច ដែលស្ថិតក្រោមវិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យអប់រំ យុវជននិងកីឡា វិស័យ​ទេស​ចរណ៍ វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យរ៉ែ និងថាមពល    វិស័យពាណិជ្ជកម្ម និងវិស័យកសិកម្ម ក៏មិនតម្រូវឱ្យទៅសុំសេវារដ្ឋបាលនៅតាមក្រុង ស្រុក ឬខណ្ឌនោះទេ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានចេញសម្រេចក្នុងផ្អាក ការ​ផ្តល់​សេវារដ្ឋបាលរដ្ឋបាលក្រុង ស្រុក និងខណ្ឌដល់អាជីវកម្មតូចតាច កាលពីពេលថ្មីៗនេះ​ ដើម្បីជួយសម្រា​លបន្ទុកការចំណាយ របស់ម្ចាស់អាជីវកម្មតូចតាចទាំងនោះ។

យោងតាមសេចក្តីសម្រេច ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ការផ្អាកផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រុង ស្រុក ខណ្ឌនេះ សម្រាប់អាជីវកម្ម​ដូចជា អាជីវកម្មសិល្បៈសូនរូប អាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក និងសម្អាងការ អាជីវកម្មលក់សម្ភារកីឡាភោជនី​យដ្ឋាន និងអាហារដ្ឋានក្នុងស្រុក តូបលក់អាហារ ហាងលក់គុយទាវ កាហ្វេ ម៉ូតូឌុបទេសចរណ៍ ម៉ូតូជួលទេសចរណ៍ រ៉ឺម៉កម៉ូតូដឹងទេស​ចរណ៍​ ទីតាំងសិប្បកម្មមួយចំនួន ដូចជា កន្លែងផលិតជើងតាង ពាង លូ ឥដ្ឋការ៉ូ ធ្វើទៀន ធូប ​ កន្លែងដំឡើងម៉ាស៊ីនអគ្គិសនី សម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី២៥គីឡូវ៉ាត់​ និងកន្លែ​ងផ្តល់សេវាកម្ម ជួសជុលគ្រឿងអេឡិចត្រូនិក លាងរថយន្តម៉ូតូ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here