ដោយៈ ហ្វីអូណា
ភ្នំពេញៈ ក្រសួងទេសចរណ៍ នឹងរៀបចំពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ (World Tourism Day 2023) នៅថ្ងៃទី២៧ ខែកញ្ញា ទូទាំងពិភពលោក ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង- Tourism and Green Investment”។
ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធ រៀបចំប្រារព្ធពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកនេះផងដែរ។
ក្នុងសារាចរណែនាំ ក្រសួងទេសចរណ៍ ឱ្យស្ថាប័នរដ្ឋ អាជីវកម្មទេសចរណ៍ រមណីយដ្ឋាន ទេសចរណ៍ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល ទីសាធារណៈ រៀបចំប័ណ្ណផ្សព្វផ្សាយ បដាពាក្យស្លោក ដាក់តាំងបង្ហាញតាមដងផ្លូវចម្បងៗ។ ក្នុងនោះ មន្ត្រីរាជការ ផ្នែកឯកជន គ្រូបង្រៀន សិស្ស និស្សិត ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ក៏ត្រូវរៀបចំប្រារព្ធ “ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ទេសចរណ៍ និងការវិនិយោគបៃតង”។
ចំពោះ ខ្លឹមសារនៃកម្មវិធី ធ្វើឡើងក្នុងគោលបំណង ការវិនិយោគលើមនុស្សផ្តល់អាទិភាពលើការអប់រំ និងជំនាញបន្ថែម។ ការវិនិយោគ លើភពផែនដី គាំទ្រការផ្លាស់ប្តូរបៃតងរបស់ទេសចរណ៍។
ដើម្បីរៀបចំពិធីខាងលើមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ក្រសួង តម្រូវឱ្យមន្ទីរទេសចរណ៍ រាជធានីខេត្ត ត្រូវចូលរួម នៅទីស្ដីការក្រសួងទេសចរណ៍ រាជធានីភ្នំពេញ និងទទួលយកខ្លឹមសារនានាទៅផ្សព្វផ្សាយបន្តតាមរាជធានីខេត្តរបស់ខ្លួន៕