ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីប្រឈមភាពមិនច្បាស់លាស់ នៅថ្ងៃចន្ទនេះ ខណៈតម្លៃប្រេងកើនឡើង

ដោយ: គង់ លាងហួរ
ស៊ីដនី: ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីប្រឈមភាពមិនច្បាស់លាស់ នៅថ្ងៃចន្ទនេះ ខណៈធនាគារកណ្តាលអាមេរិក(Fed) និងធនាគារកណ្តាលជប៉ុន(BOJ) គ្រោងបើកកិច្ចប្រជុំកំណត់គោលនយោបាយរូបិយវត្ថុនៅសប្តាហ៍នេះ។

ផ្សារហ៊ុន S&P 500 futures និងផ្សារហ៊ុន Nasdaq futures បានងើបឡើងថ្លៃ០,២ភាគរយនៅលើការជួញដូរដំបូងនៅតំបន់អាស៊ី។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,១ភាគរយ បន្ទាប់ពីបានងើបឡើង១,២ភាគរយកាលពីសប្តាហ៍មុន ខណៈផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនត្រូវបានបិទសម្រាប់ថ្ងៃឈប់សម្រាក។

អារម្មណ៍ ឬទំនុកចិត្តរបស់អ្នកវិនិយោគ (Sentiment) នៅតំបន់អាស៊ីបានប្រសើរឡើងនាពេលថ្មីៗនេះ បន្ទាប់ពីមានការដាក់ចេញគោលនយោបាយគាំទ្រកាន់តែច្រើនពីទីក្រុងប៉េកាំង និងទិន្នន័យសេដ្ឋកិច្ចចិន ដែលល្អប្រសើរជាងការរំពឹងទុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណាក្តី ភាពតានតឹងក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិននៅតែបន្តកើតមាន ស្របពេលដែលមានការភ័យខ្លាចថា វិបត្តិនេះអាចរីករាលដាលដល់ប្រព័ន្ធហិរញ្ញវត្ថុ។

ធនាគារកណ្តាលអង់គ្លេសត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាការប្រាក់ជាលើកទី១៥ក្នុងសប្តាហ៍នេះ ខណៈធនាគារកណ្តាលរបស់ប្រទេសស៊ុយអែតត្រូវបានគេមើលឃើញថា នឹងដំឡើងអត្រាការប្រាក់ចំនួន២៥ពិន្ទុមូលដ្ឋានដល់៤ភាគរយ។

តម្លៃប្រេងបានកើនឡើងខ្ពស់នៅថ្ងៃចន្ទនេះបន្ទាប់ពីហក់ឡើងដល់កម្រិតកំពូលក្នុងរយៈពេល១០ខែកាលពីថ្ងៃសុក្រសប្តាហ៍មុនដែលបានបង្កឱ្យមានសម្ពាធអតិផរណា ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង០,១ភាគរយ ដល់៩៤,០១ដុល្លារ ក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅអាមេរិក West Texas Intermediate crude futures បានកើនឡើង០,២ភាគរយដល់៩០,៩៧ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here