ប្រទេសម៉ាឡេស៊ីផាកពិន័យក្រុមហ៊ុនចំនួន៤០០ក្នុងឆ្នាំ២០២៣ ពីបទរំលោភច្បាប់ការងារ

ដោយៈ តែម សុខុម

គូឡាឡាំពួរ: រដ្ឋមន្ត្រីក្រសួងធនធានមនុស្សម៉ាឡេស៊ី លោក V Sivakumar បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ Bernama កាលពីសប្ដាហ៍កន្លងទៅថា ប្រទេសម៉ាឡេស៊ី បានចាត់វិធានការប្រឆាំងក្រុមហ៊ុនចំនួន៤០០ក្នុងឆ្នាំ២០២៣ នេះពីបទបំពានច្បាប់ការងារ។

នាយកដ្ឋានការងារ នៃក្រសួងធនធានមនុស្សបានចេញការផាកពិន័យសរុបជាទឹកប្រាក់ ចំនួន៤៦៣.០០០ដុល្លារ ប្រឆាំងនិយោជកចំនួន២៧២នាក់ ខណៈតុលាការបានពិន័យនិយោជក ចំនួន១២៨នាក់សរុបជាទឹកប្រាក់ចំនួន៥១.៧០០ដុល្លារ។

លោក V Sivakumar បានគូសបញ្ជាក់ថា ការរំលោភលើការងារ រួមមានទាំងការកាត់ប្រាក់ឈ្នួល ដោយខុសច្បាប់ផងដែរ។ លោករដ្ឋមន្ត្រីមិនបានបញ្ចេញឈ្មោះ ក្រុមហ៊ុនទាំងនោះទេ ហើយលោកក៏មិនបានផ្តល់ព័ត៌មានលម្អិត អំពីបទល្មើសការងារទាំងនោះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសម៉ាឡេស៊ី គឺជាតំណភ្ជាប់ដ៏សំខាន់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដោយប្រទេសនេះផលិតអ្វីៗគ្រប់យ៉ាង រាប់ចាប់ពីប្រេងដូង រហូតដល់ស្រោមដៃពេទ្យ និងបន្ទះឈីប។

បណ្ដាក្រុមហ៊ុនម៉ាឡេស៊ី បានប្រឈមនឹងបម្រាមពីសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញការចោទប្រកាន់ពីបទរំលោភបំពាន លើពលករចំណាកស្រុក ដែលធ្វើការយ៉ាងច្រើននៅក្នុងឧស្សាហកម្មផលិត និងចម្ការក្នុងប្រទេសនេះ។

ការចោទប្រកាន់អំពីការបង្ខំឱ្យធ្វើការ រួមមាន ការធ្វើឱ្យពលករធ្លាក់ខ្លួនជំពាក់បំណុល ការបបង្ខំឱ្យពលករធ្វើការលើសម៉ោង ការរក្សាលិខិតឆ្លងដែនរបស់ពលករ និងអន្តេវាសិកដ្ឋានគ្មានអនាម័យសម្រាប់ពលករផងដែរ។

ប្រទេសម៉ាឡេស៊ី បានកំណត់គោលដៅលុបបំបាត់ ការអនុវត្តការងារដោយបង្ខំនៅត្រឹមឆ្នាំ២០៣០៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here