ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ថ្នាក់ដឹកនាំសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ស្នើសុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បន្តផ្តល់កិច្ចសហការជាមួយគ្នាសំដៅទាក់ទាញការវិនិយោគ មកកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យកាត់ដេរវាយនភណ្ឌ។
សំណើនេះត្រូវបានលើកឡើង ក្នុងឱកាសដែលលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដឹកនាំដោយលោក គង់ សាង ប្រធានសមាគម TAFTAC ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ កាលពីចុងសប្តាហ៍មុន។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីជំនួបនោះបានឱ្យដឹងថា លោក គង់ សាង បានលើកឡើងលទ្ធផលការងាររបស់សមាគម និងស្ថានភាពជាក់ស្ដែងនៃការវិនិយោគនៅកម្ពុជាប្រមាណ២០ឆ្នាំកន្លងមកនេះ ដែលសមាគមបានឆ្លងកាត់។
លោកបានថ្លែងថា “សមាគមពិតជាអរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេស ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានជួយសម្របសម្រួល ដោះស្រាយរាល់ការប្រឈមនានារបស់វិនិយោគិន”។ លោកបន្តថា “ជាមួយគ្នានេះ សមាគម ស្នើសុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបន្តផ្តល់កិច្ចសហការជាមួយគ្នា សំដៅទាក់ទាញការវិនិយោគមកកម្ពុជាបន្ថែមទៀត ខណៈដែលវិស័យនេះជាផ្នែកមួយ ដែលធ្វើឱ្យសេដ្ឋកិច្ចមានការរីកចម្រើន និងបង្កើតការងារជូនប្រជាពលរដ្ឋបានច្រើន”។លោក ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាព របស់សមាគមនាពេលកន្លងមក ក្នុងការសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធសំដៅលើកកម្ពស់ការវិនិយោគ និងការបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។
លោកបន្តថា “ជាការពិតយើងត្រូវបន្តកិច្ចសហការគ្នា ដើម្បីធ្វើឱ្យប្រសើរឡើង នូវបរិយាកាសវិនិយោគ ជាពិសេស រាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានប្តេជ្ញាក្នុងការខិតខំបង្កើតការងារ ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា”។ លោកបន្ថែមថា “បន្ថែមលើនេះ ខ្ញុំសំណូមពរឱ្យសមាគម បន្តការខិតខំទាក់ទាញការវិនិយោគ រោងចក្រផលិតក្រណាត់ អំបោះ និងជ្រលក់ពណ៌ សម្រាប់គាំទ្រដល់វិស័យ វាយនភណ្ឌ ដើម្បីកាត់បន្ថយការនាំចូលពីបរទេស”។
របាយការណ៍ពីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានបង្ហាញថា នៅត្រឹមដើមខែសីហា ឆ្នាំ២០២៣នេះ វិស័យកាត់ដេរនៅកម្ពុជាមានរោងចក្រសរុបចំនួន១០៧៧រោងចក្រ ដែលក្នុងនោះផលិតសម្លៀកបំពាក់មានចំនួន៨០២ ផលិតស្បែកជើងមានចំនួន១៤០ និងផលិតកាបូបមានចំនួន១៣៤ ហើយមានកម្មករសរុបចំនួន៧៦៤,៣៥៨នាក់៕