តើថ្លៃសំបុត្រយន្តហោះដ៏ខ្ពស់នាពេលបច្ចុប្បន្ន នឹងធ្លាក់ចុះវិញនៅពេលណា?

ដោយ: គង់ លាងហួរ
សិង្ហបុរី: ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ គឺជាពេលវេលាដ៏ចម្រុះមួយសម្រាប់ឧស្សាហកម្មអាកាសចរណ៍។យោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ឱ្យដឹងថា មុនផ្ទុះឡើងនៃជំងឺរាតត្បាត  ឧស្សាហកម្មនេះសម្រេចបានប្រាក់ចំណេញសុទ្ធជាមធ្យមប្រហែល៤,២ភាគរយចន្លោះពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩។

ប៉ុន្តែ នៅពេលដែលជំងឺរាតត្បាតបានផ្ទុះឡើង ឧស្សាហកម្មអាកាសចរណ៍ពិភពលោកបានដាំក្បាលចុះភ្លាមៗ ហើយការធ្វើដំណើរជុំវិញពិភពលោកបានផ្អាក ខណៈរដ្ឋាភិបាលប្រទេសនានាបានអនុវត្តវិធានការរឹតបន្តឹងសកម្មភាពធ្វើដំណើរ ដែលមិនធ្លាប់មានពីមុនមក ដើម្បីទប់ស្កាត់មេរោគឆ្លង។

ភាពច្របូកច្របល់នៃវិបត្តិនេះបាននាំឱ្យមានការខាតបង់យ៉ាងសន្ធឹកសន្ធាប់ ដោយបណ្តាក្រុមហ៊ុនអាកាសចរណ៍នៅលើពិភពលោក បានខាតបង់ប្រាក់អស់ចំនួន១៨៣,៣ពាន់លានដុល្លារអាមេរិក គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែក្រោយជំងឺរាតត្បាតកូវីដ-១៩ ឧស្សាហកម្មអាកាសចរណ៍កំពុងងើបឡើងវិញជាថ្មីម្តងទៀត។ សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) រំពឹងថា បណ្តាក្រុមហ៊ុនអាកាសចរណ៍នៅលើពិភពលោកនឹងទទួលបានប្រាក់ចំណេញសុទ្ធចំនួន៩,៨ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២៣នេះ។

តើថ្លៃសំបុត្រយន្តហោះដ៏ខ្ពស់នៅពេលបច្ចុប្បន្ននេះនឹងធ្លាក់ចុះវិញនៅពេលណា?

ប្រាក់ចំណេញរបស់ក្រុមហ៊ុនអាកាសចរណ៍ក្រោយជំងឺរាតត្បាតត្រូវបានជំរុញដោយតម្រូវការដ៏ខ្លាំងសម្រាប់សេវាកម្មផ្លូវអាកាស គួបផ្សំនឹងការពន្យារពេលក្នុងការកសាងសមត្ថភាពឡើងវិញដល់កម្រិតមុនជំងឺរាតត្បាត។

តម្លៃសំបុត្រយន្តហោះដ៏ខ្ពស់ ដែលកើតចេញពីកត្តាទាំងពីរខាងលើនេះ បានធ្វើឱ្យប៉ះពាល់ដល់ថវិការបស់អ្នកចង់ធ្វើដំណើរ ខណៈដែលពួកគេគ្រោងធ្វើដំណើរកម្សាន្ត ឬចេញទៅធ្វើការ។

លោក Nitin Pangarkar សាស្ត្រាចារ្យនៅសកលវិទ្យាល័យជាតិសិង្ហបុរី បានលើកឡើងថា“យោងតាមការប៉ាន់ស្មានរបស់ខ្ញុំគឺថា អ្នកដំណើរប្រហែលជាត្រូវបន្តបង់ប្រាក់ច្រើនបន្ថែមទៀត សម្រាប់ថ្លៃសំបុត្រយន្តហោះ រហូតដល់ឆ្នាំ២០២៥ ដែលនៅពេលនោះសមត្ថភាពដឹកជញ្ជូនរបស់ក្រុមហ៊ុនអាចកែតម្រូវទៅតាមតម្រូវការ”។

លោកបានបន្ថែមថា ដូចដែលយើងបានរំពឹងទុកពីមុន ក្រុមហ៊ុនអាកាសចរណ៍ និងព្រលានយន្តហោះមួយចំនួនត្រូវចំណាយពេលច្រើន ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនហោះហើររបស់ពួកគេឡើងវិញ ហើយដំណើរការនេះនៅតែមិនទាន់បញ្ចប់នៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here