ទំហំពាណិជ្ជកម្មឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានទឹកប្រាក់ជាង២ពាន់លានដុល្លារអាមេរិក

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមសេចក្តីថ្លែងការណ៍ របស់ប្រតិបត្តិករបានឱ្យដឹងថា ទំហំនៃការនាំចូល និងការនាំចេញឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) សម្រចបានទឹកប្រាក់ចំនួន២,២២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែដំបូង ឆ្នាំ២០២៣នេះ ហក់ឡើង២៧,៣ភាគរយបើធៀបនឹងឆ្នាំមុន។

សេចក្តីថ្លែងការណ៍បានបន្តថា “ទំហំពាណិជ្ជកម្មតាមរយៈតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ គ្របដណ្តប់ប្រហែល៦,៩៦ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ហើយវានៅតែបន្តរក្សាបាននូវកំណើនយ៉ាងឆាប់រហ័ស”។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា កំណើនពាណិជ្ជកម្មដ៏ខ្ពស់របស់តំបន់នេះ គឺគួរឱ្យចាប់អារម្មណ៍ ក្នុងបរិបទដែលទំហំពាណិជ្ជកម្មអន្តរជាតិ សរុបរបស់កម្ពុជា បានធ្លាក់ចុះ១៤,៥ភាគរយក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Chen Jiangang ប្រធានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) បានមានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចនេះ បានក្លាយជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។

លោក Chen បានមានប្រសាសន៍បន្តថា “កំណើននេះបង្ហាញថាកិច្ចខិតខំប្រឹងប្រែងរបស់តំបន់SSEZ ក្នុងការធ្វើឱ្យរចនាសម្ព័ន្ធឧស្សា ហកម្មប្រសើរឡើង បានចាប់ផ្តើមទទួលផ្លែផ្កាហើយ”។

តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំ១១គីឡូម៉ែត្រការ៉េ ហើយគិតមកទល់ពេលនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទាក់ទាញបានក្រុមហ៊ុនចំនួន១៧៥ មកពីប្រទេសចិន សហរដ្ឋអាមេរិក អឺរ៉ុប អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀត ដែលបង្កើតការងារបានជិត៣ម៉ឺនកន្លែង។

លោក នាក់ ចិន្តា​រិ​ទ្ធិ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ នៃប្រទេសកម្ពុជាបានមានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេសនេះ មានទីតាំងនៅជិតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលមានភាពងាយស្រួល សម្រាប់ធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here