ភាពជាដៃគូរវាងអាមេរិក និងតំបន់ទន្លេមេគង្គនឹងជួយស្តារសេដ្ឋកិច្ចកម្ពុជានិងតំបន់

ដោយៈ ម៉ាណេត

ភ្នំពេញៈ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបាលើកឡើងថា ការជួយជាបន្ថែមរបស់សហរដ្ឋអាមេរិកនៅក្រោម ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ (MUSP) មានបំណងជួយស្តារសេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងសេដ្ឋកិច្ចតំបន់។

ថ្លែងនៅក្នុងសន្និសីទតាមអ៊ិនធ័រណេតស្តីពី ការអភិវឌ្ឍន៍ និងអនាគតនៃទន្លេមេគង្គកាលពីថ្មីៗនេះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy មានប្រសាសន៍ថា នៅថ្ងៃទី១១ ខែកញ្ញា សហរដ្ឋអាមេរិក និងប្រទេសជាដៃគូនៅតំបន់ទន្លេមេគង្គ បានផ្តើមភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ (MUSP)  ដោយពង្រីកការទ្រទ្រង់របស់សហរដ្ឋអាមេរិក ដល់ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម ដែលជាប្រទេសដៃគូរបស់យើង៥នៅក្នុងតំបន់ទន្លេមេគង្គ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាពជាដៃគូនេះ ពង្រឹងបន្ថែមលើជោគជ័យនៃគំនិតផ្តួចផ្តើមស្តីពី តំបន់ទន្លេមេគ   ង្គក្រោម គាំទ្រដោយសហរដ្ឋអាមេរិក ដែលបានផ្តល់ថវិកាចំនួន៣,៥ពាន់លានដុល្លាដល់តំបន់នេះពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៩។

លោក Patrick Murphy បាននិយាយថា តាំងពីខែកញ្ញាមក សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន១៥៣លានដុល្លារ ជាថវិកាថ្មីសម្រាប់MUSP។ ភាពជាដៃគូនេះ នឹងពង្រីក ដោយបូកបញ្ជូលវិស័យនៃកិច្ចសហប្រតិបត្តិការ នៅក្នុងផ្នែកសន្តិសុខតាមបែបថ្មី។

ឧទា​ហរណ៍ ដើម្បីសម្រេចបំណងនេះ សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួន៥២ លានដុល្លារសម្រាប់ជួយស្តារសេដ្ឋកិច្ចពីជំងឺកូវីដ១៩។

លោក Patrick Murphy បានថ្លែង “ទោះបីជាប្រទេសកម្ពុជា គ្មានអត្រាឆ្លងច្រើនដូចនៅកន្លែងផ្សេងក្តី តែយើងដឹងថាកម្ពុជា មិនអាចគេចផុតពីរងផលប៉ះពាល់នៃជំងឺនេះទេ។ ការជួយបន្ថែមរបស់យើងនៅក្រោមMUSP មានបំណងជួយស្តារសេដ្ឋកិច្ចនៃប្រទេ​សកម្ពុជា និងសេដ្ឋកិច្ចតំបន់”។

លោកបានថ្លែងទៀតថា “ខ្ញុំសង្កត់ធ្ងន់ថាភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំប​ន់​ទន្លេមេគង្គ គោរពច្បាប់នៅក្នុងស្រុក នៃបណ្តាប្រទេសដែលចូលរួម”។

លោកបន្តថា ដូចគ្នានេះដែរ ភាពជាដៃគូនេះ មានបំណងជំរុញការបំពេញឲ្យគ្នាទៅវិញទៅមក ជាមួយនឹងយន្តការសហប្រតិបត្តិការ និងដៃគូអភិវឌ្ឍន៍ដទៃទៀតនៅតំបន់ទន្លេមេគង្គ ដែលមានទស្សនៈដូចគ្នា។

លោកបន្តថា “យើងយល់ថា យើងសុទ្ធតែជាដៃគូស្មើភាពគ្នា នៅក្នុងគំនិតផ្តួចផ្តើម​នេះ និងនៅក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះតំបន់ទន្លេមេគង្គ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here