ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃយ៉ាងគំហុកនៅថ្ងៃសុក្រនេះ ខណៈទិន្នន័យសេដ្ឋកិច្ចចិនដែលល្អប្រសើរជាងការព្យាករណ៍ បានជំរុញការរំពឹងទុកថា យុទ្ធនាការរឹតបន្តឹងរបស់បណ្តាធនាគារកណ្តាលធំៗបំផុតនៅលើពិភពលោកឈានជិតដល់ទីបញ្ចប់ហើយ។
ប្រាក់ដុល្លារបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៦ខែ ធៀបនឹងដៃគូសំខាន់ៗ ដែលត្រូវបានជំរុញដោយទិន្នន័យសេដ្ឋកិច្ចដ៏រឹងមាំរបស់សហរដ្ឋអាមេរិក។
ចំណែក ប្រាក់អឺរ៉ូបានធ្លាក់ថ្លៃចុះ បន្ទាប់ពីធនាគារកណ្តាលអឺរ៉ុប(ECB) បង្ហាញសញ្ញាថា ការដំឡើងអត្រាការប្រាក់របស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះប្រហែលជាការដំឡើងលើកចុងក្រោយហើយ។
ធនាគារកណ្តាលអឺរ៉ុប (ECB) បានដំឡើងអត្រាការប្រាក់ដ៏សំខាន់របស់ខ្លួនដល់កម្រិត៤% កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែធនាគារនេះបានផ្តល់សញ្ញាថា ការដំឡើងអត្រាការប្រាក់លើកនេះទំនងជាការដំឡើងលើកចុងក្រោយហើយ។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI (.MIAP00000PUS)នៅខាងក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃ០,៨៤%។
ផ្សារហ៊ុន Nikkei (.N225) របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ១,៣៣% ដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលពីរខែ។
ផ្សារហ៊ុន Hang Seng (.HSI) របស់ទីក្រុងហុងកុងបានងើបឡើង១,២% ហើយផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់ចិនដីគោក (.CSI300) បានងើបឡើង០,២% ហើយសន្ទស្សន៍ផ្សារហ៊ុនរបស់អូស្ត្រាលី (.AXJO) បានងើបឡើង១,៧៥%។
ចំណែកឯ ភាគហ៊ុន S&P 500 futures របស់សហរដ្ឋអាមេរិកបានងើបឡើងថ្លៃ០,១៧% បន្ទាប់ពីសន្ទស្សន៍សាច់ប្រាក់ (.SPX) បានងើបឡើង០,៨៤% កាលពីថ្ងៃព្រហស្បតិ៍។
នៅលើទីផ្សារថាមពលវិញ តម្លៃប្រេងឆៅបានបន្តកើនឡើង នៅក្នុងការជួញដូរនៅតំបន់អាស៊ី។ ជាក់ស្តែង តម្លៃប្រេងឆៅ Brent បានកើនឡើង០,៥% ដល់៩៤,១៦ដុល្លារក្នុង១បារ៉ែល ខណៈតម្លៃប្រេងឆៅ US West Texas Intermediate (WTI) បានកើនឡើង០,៦%ដល់៩០,៧៤ដុល្លារក្នុង១បារ៉ែល៕