ធនាគារកណ្ដាលអឺរ៉ុបដំឡើងអត្រាការប្រាក់ខ្ពស់បំផុតមិនធ្លាប់មាន

ដោយៈ តែម សុខុម

អាល្លឺម៉ង់: ធនាគារកណ្តាលអឺរ៉ុប (ECB) បានដំឡើងអត្រាការប្រាក់របស់ខ្លួន ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរង្វង់៤%កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ដើម្បីទប់អតិផរណា ដែលកំពុងហក់ឡើងខ្ពស់។

ការដំឡើងអត្រាការប្រាក់នេះ គឺជាលើកទី១០ ហើយក្នុងរយៈពេល១៤ខែមកនេះ ហើយគេសង្ឃឹមថា ការដំឡើងនេះគឺជាលើកចុងបញ្ចប់ហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលសម្រាប់ប្រទេសទាំង២០ ដែលចាយប្រាក់អឺរ៉ូ រួមគ្នានេះ ក៏បានដំឡើងការព្យាកររបស់ខ្លួន សម្រាប់អតិផរណា ដែលពេលនេះខ្លួនរំពឹងថា នឹងធ្លាក់ចុះកាន់តែសន្សឹមៗ ឆ្ពោះទៅរកគោលដៅ២%របស់ខ្លួន ក្នុងរយៈពេល២ឆ្នាំខាងមុខផងដែរ ខណៈបណ្តាប្រទេសនៅក្នុងប្លុកនេះ បានបន្ទាបការព្យាករសម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួន។

ស្ថានភាពនេះ បានឆ្លុះបញ្ចាំងពីទ្វេគ្រោះ ដែលក្រុមអ្នកបង្កើតគោលនយោបាយ នៃធនាគារកណ្ដាលអឺរ៉ុប (ECB) បានប្រឈមមុខនោះគឺ តម្លៃទំនិញនៅតែហក់ឡើងខ្ពស់ជាង២ដង ធៀបនឹងអត្រាគោលដៅ ប៉ុន្តែជាមួយនឹងថ្លៃដើមខ្ពស់ នៅក្នុងការខ្ចីប្រាក់ និងការធ្លាក់ចុះសេដ្ឋកិច្ចក្នុងប្រទេសចិន សកម្មភាពសេដ្ឋកិច្ចទាំងមូលកំពុងជួបការលំបាក។

ធនាគារកណ្ដាលអឺរ៉ុប (ECB) បានបញ្ជូនសារថា ការដំឡើងអត្រាការប្រាក់របស់ខ្លួន ប្រហែលជាដល់ទីបញ្ចប់ហើយ ដែលជំរុញឱ្យទិន្នផលសញ្ញាប័ណ្ណ ក្នុងតំបន់ចាយប្រាក់អឺរ៉ូ និងប្រាក់អឺរ៉ូ ធ្លាក់ចុះ ហើយភាគហ៊ុនអឺរ៉ុបហក់ឡើង ខណៈបណ្ដាវិនិយោគិនជឿថា ធនា​គារកណ្ដាលអឺរ៉ុប (ECB) នឹងចាប់ផ្តើមទម្លាក់ អត្រាការប្រាក់នៅឆ្នាំ២០២៤។

ធនាគារកណ្ដាលអឺរ៉ុប (ECB) និយាយថា “ផ្អែកលើការវាយតម្លៃបច្ចុប្បន្នរបស់ខ្លួន ក្រុមប្រឹក្សាភិបាលយល់ថា អត្រាការប្រាក់របស់ ECB បានឈានដល់កម្រិត ដែលនឹងរួមចំណែកយ៉ាងច្រើនដល់ការធ្វើឱ្យអតិផរណាវិលត្រលប់ ទៅរកគោលដៅកំណត់វិញទាន់ពេលវេលា”៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here