រដ្ឋាភិបាលថៃបញ្ជាឱ្យមន្ត្រីពន្លឿនកាត់បន្ថយថ្លៃអគ្គិសនី និងថាមពល ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋ

ដោយ: គង់ លាងហួរ

បាងកក: រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ គ្រោងដាក់ចេញវិធានការមួយចំនួន ដើម្បីដោះស្រាយថ្លៃចំណាយលើការរស់នៅ  ដូចជាការបញ្ចុះថ្លៃអគ្គិសនី និងប្រេងម៉ាស៊ូត ការពន្យារពេលសងបំណុលសម្រាប់កសិករ សហគ្រិនខ្នាតតូច និងមធ្យម (SMEs) និងបើកប្រាក់បៀវត្សរ៍ សម្រាប់មន្ត្រីរាជការជារៀងរាល់២សប្តាហ៍។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំលើកដំបូង របស់គណៈរដ្ឋមន្ត្រីថ្មី អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី Srettha Thavisin បានចាត់ឲ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពល លោក Pirapan Salirathavibhaga បង្កើតវិធានការកាត់បន្ថយថ្លៃអគ្គិសនី និងតម្លៃថាមពលឱ្យបានលឿន តាមដែលអាចធ្វើបាន ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ និងជំរុញការប្រកួតប្រជែងក្នុងវិស័យធុរកិច្ច។

លោក Srettha ក៏បានបញ្ជាឲ្យអនុរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ លោក Julapun Amornvivat បង្កើតក្រុមការងារលើការផ្អាកសងបំណុលសម្រាប់កសិករ និងសហគ្រាសធុនតូច និងមធ្យម ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ទៀតថា លោកSrettha ក៏បានបញ្ជាឱ្យលោក Julapun បង្ហាញព័ត៌មានលម្អិត អំពីគម្រោងចែកប្រាក់ឌីជីថលចំនួន១០.០០០បាតផងដែរ ដើម្បីដាក់ជូនគណៈរដ្ឋមន្ត្រីធ្វើការអនុម័តឱ្យបានឆាប់រហ័ស។

ទាក់ទិននឹងគោលនយោបាយ បើកប្រាក់បៀវត្សរ៍ជារៀងរាល់២សប្តាហ៍ លោក  Srettha បានមានប្រសាសន៍ថា“ គោលនយោបាយនេះ នឹងជួយសង្រ្គោះមន្ត្រីរាជការថ្នាក់ក្រោម ពីការពឹងផ្អែកលើប្រាក់កម្ចី ពីព្រោះពួកគេលែងចាំបាច់រង់ចាំ ប្រាក់បៀវត្សរ៍យូរទៀតទេ”។

ទន្ទឹមគ្នានេះ គម្រោងលើកលែងទិដ្ឋាការ សម្រាប់ជនបរទេស នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់ភ្ញៀវទេសចរមកពីប្រទេសចិន និងប្រទេសកាហ្សាក់ស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here