រដ្ឋាភិបាលឥណ្ឌូណេស៊ី​គ្រោងហាមឃាត់​មិនឱ្យមានប្រតិបត្តិការ​ទិញ/លក់ទំនិញ​នៅលើ​បណ្តាញ​សង្គមអនឡាញ

ដោយ: គង់ លាងហួរ

ហ្សាការតាៈ អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម បានថ្លែងប្រាប់ទៅកាន់សវនាការសភាកាលពីថ្ងៃអង្គារកន្លងមកថា ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងហាមឃាត់ប្រតិបត្តិការទំនិញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រោមបទប្បញ្ញត្តិពាណិជ្ជកម្មថ្មី ។

ក្រុមរដ្ឋមន្ត្រីបានអះអាងម្តងហើយម្តងទៀតថា អ្នកលក់ e-commerce ដែលប្រើប្រាស់ការកំណត់តម្លៃបែបកេងប្រវ័ញ្ចនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម បាននិងកំពុងបង្កការគំរាមកំហែងដល់ទីផ្សារក្រៅបណ្តាញអនឡាញនៅក្នុងប្រទេស។

លោក Jerry Sambuaga អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេសុី បានថ្លែងប្រាប់សភាថា បទប្បញ្ញត្តិពាណិជ្ជកម្មបច្ចុប្បន្នមិនគ្របដណ្តប់ជាពិសេសទៅលើប្រតិបត្តិការដោយផ្ទាល់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ ហើយប្រព័ន្ធផ្សព្វផ្សាយសង្គម និងពាណិជ្ជកម្មសង្គមមិនអាចរួមបញ្ចូលគ្នាបានទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ទៀតថា “ការកែសម្រួលបទប្បញ្ញត្តិពាណិជ្ជកម្មដែលកំពុងដំណើរការនាពេលនេះ នឹងហាមឃាត់យ៉ាងម៉ឺងម៉ាត់ទៅលើរឿងនេះ”។

ជាការឆ្លើយតប ក្រុមហ៊ុន TikTok បានលើកឡើងថា ការបំបែកប្រព័ន្ធផ្សព្វផ្សាយសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិកទៅជាវេទិកាផ្សេងៗគ្នានឹងរារាំងដល់ការច្នៃប្រឌិត ហើយ TikTok សង្ឃឹមថា រដ្ឋាភិបាលឥណ្ឌូនេសុីនឹងផ្តល់នូវតុល្យភាព​ប្រកួត​ប្រជែងសម្រាប់ក្រុមហ៊ុន។

លោក Anggini Setiawan អ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok ប្រចាំប្រទេសឥណ្ឌូនេស៊ី  បានប្រាប់សារពត៌មាន Reuters នៅថ្ងៃពុធនេះថា “ចំណាត់ការនេះក៏នឹងធ្វើឱ្យអាជីវករ និងអ្នកប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌូនេស៊ីខូចខាតគុណប្រយោជន៍ផងដែរ”។

ចំណែក កម្មវិធី Facebook របស់ក្រុមហ៊ុន Meta ដែល​មាន​លក្ខណៈ​ពិសេស​ផ្នែកទីផ្សារ​នៅលើវេទិកា​របស់​ខ្លួន​មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​យោបល់​របស់សារពត៌មាន Reuters តាមរយៈអ៊ីមែលនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here