ស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់របស់ជនជាតិភាគតិចនៅ ខេត្តរតនគិរី

ស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់របស់ជនជាតិភាគតិចនៅ ខេត្តរតនគិរី
ស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់របស់ជនជាតិភាគតិចនៅ ខេត្តរតនគិរី

ដោយៈ និស្ស័យ

    រតនគិរីៈ ខេត្តរតនគិរី ជាខេត្តមួយ ដែលស្ថិតនៅចុងបំផុតនៃភូមិភាគឦសានប្រទេសកម្ពុជា ជាប់ព្រំដែនឡាវ និងវៀតណាម។

ខេត្តភូមិភាគឦសាននេះ ជាទឹកដីចម្រុះជនជាតិយ៉ាងច្រើនដូចជា ខ្មែរ ឡាវ និងចិន រួមទាំងជនជាតិភាគតិចជាច្រើនផងដែរ។ ទន្ទឹមនឹងការសម្បូរជាតិសាសន៍ ក៏ធ្វើឱ្យខេត្តនេះមានប្រពៃណី ទំនៀមទម្លាប់ប្លែកគ្នាច្រើន ហើយវាក៏ជាកត្តាទាក់ទាញទេសចរមួយផ្នែកផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រតនគិរី ជាខេត្តមួយដែលមានផ្ទៃដី១០,៧៨២គីឡូម៉ែត្រការ៉េ និងមាន ក្រុងបានលុង ជាទីរួមខេត្ត។ ទីរួមខេត្តតូចមួយនេះ ស្ថិតនៅលើផ្លូវខ្ពង់រាប ដែលមានចម្ងាយប្រមាណ៦០០គីឡូម៉ែត្រ ពីក្រុងភ្នំពេញ ។ ទីនោះក៏មានផ្សារមួយ ហៅថា ផ្សារបានលុង។

ផ្សារនេះ ដាក់លក់ទំនិញជាច្រើនប្រភេទ ដែលខ្លះកើតចេញពីថ្វីដៃដ៏ប៉ិនប្រសប់របស់បងប្អូនជនជាតិភាគតិច។

ជាក់ស្តែង រតនគិរី មានក្រុមជនជាតិជាច្រើនរស់នៅចម្រុះគ្នា។ បើតាមសៀវភៅខ្ញុំចង់ដឹងរបស់អង្គការស៊ីប៉ា ដែលមានចំណង “ដំនើរឡើងតាមទន្លេមេគង្គលើ” បានរៀបរាប់ថា ខ្មែរ ឡាវ និងចិន ច្រើនតាំងទីលំនៅក្នុងតំបន់ទំនាប និងធ្វើស្រែវស្សា។

ក្រុមជនជាតិផ្សេងៗទៀត ទំពួន ចារ៉ាយ គ្រឹង ព្រូវ កាវ៉ែត កាឆុក និងព្នង ច្រើនរស់នៅជាក្រុមតូចៗ តាមតំបន់ព្រៃភ្នំឆ្ងាយៗ។ ពួកគេដាំស្រូវ និងបន្លែលើចម្ការវិលជុំ ចិញ្ចឹមគោ ក្របី ជ្រូក មាន់ រួមទាំងប្រមូលអនុផលពីព្រៃឈើដូចជា រកជ័រស្ងួត ផ្តៅ សំរង និងឃ្មុំជាដើម។

ភាពសម្បូរនៃជាតិសាសន៍ បានធ្វើឱ្យខេត្តនេះមានប្រពៃណី ទំនៀមទម្លាប់ប្លែកគ្នាច្រើនផងដែរ។ តួយ៉ាង ផ្ទះកូនកំលោះ ផ្ទះកូនក្រមុំ ដែលវាជាទំនៀមទម្លាប់នៃជនជាតិគ្រឹង។

ពេលចូលវ័យគ្រប់ការ យុវជនគ្រឹងបន្តរស់នៅជាមួយគ្រួសារ តែដេកដោយឡែក។ កំលោះៗប្រើការប៉ិនប្រសប់របស់ខ្លួន ដើម្បីសង់ផ្ទះខ្ពស់ៗនៅក្បែរផ្ទះឪពុកម្តាយ។ ពួកគេដេកក្នុងផ្ទះខ្ពស់នោះ ហើយអាចលេងកម្សាន្ត ដោយសេរីជាមួយមិត្តសម្លាញ់។ ចំណែកកូនក្រមុំ ឪពុកម្តាយសង់ផ្ទះតូចមួយ នៅពីលើលំនៅឋានពួកគាត់។ បើពួកគេស្រ​លាញ់គ្នា ឪពុកម្តាយខាងប្រុសត្រូវចូលស្តីដណ្តឹងនាងដើម្បីរៀបការ។

ក្រៅពីនេះ ក៏មានកុលសម្ព័ន្ធ ដែលជាសិប្បករយ៉ាងចំណានផងដែរ។ កុលសម្ព័ន្ធនេះ ក៏ជាជនជាតិគ្រឹងដែរ ពួកគេតុបតែងផ្ទះ និងរបស់ប្រើប្រាស់ដោយចម្លាក់ និងពណ៌ផ្សេងៗ ដូចជា កាផា ឬសះ ប្រើសម្រាប់ដាក់បន្លែ អុស និងគ្រាប់ស្រូវជាដើម។

លើសពីនេះ ជនជាតិនីមួយៗ មានភាសានិយាយរបស់ខ្លួន តែពុំមានអក្សរឡើយ។ ឧទាហរណ៍ ម៉ែខ្ញុំឈ្មោះកន ជាភាសាខ្មែរ ដែលខុសពីភាសាទំពួន និយាយថា ម៉ៃគអាញ់សិពកន ចំណែក ជាភាសាព្នង គេនិយាយ ម៉ែហែរ៉ាញ៉ាកន ។

ក្រោយទទួលបានឯករាជ្យឆ្នាំ១៩៥៣ និងក្រោយឆ្នាំ១៩៧៩រហូតដល់សព្វថ្ងៃ រដ្ឋបានលើកទឹកចិត្តពួកគេ ឱ្យតាំងលំនៅឋានជាប់លាប់ និងធ្វើស្រែចម្ការដូចខ្មែរ ដែលរស់នៅលើដីតំបន់ទំនាប។ ជាលទ្ធផល គេឃើញមានភូមិខ្លះៗ តាំងនៅតាមបណ្តោយផ្លូវ ជាពិសេសផ្លូវទៅវឺនសៃ។ ឯកូនចៅពួកគាត់បានចូលរៀន និងចូលធ្វើការច្រើនឡើងៗ ជាកម្មករ និងជាអ្នកបម្រើការងាររាជការក្នុងភូមិស្រុករបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here