លោកជំទាវជា សិរីៈស្វាគមន៍មតិយោបល់ចូលរួមកែលម្អពីគ្រប់ភាគីពាក់ព័ន្ធដើម្បីការពារផលប្រយោជន៍សង្គម

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានថ្លែងថា លោកជំទាវនឹងស្វាគមន៍មតិយោបល់ចូលរួមកែលម្អពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីការពារផលប្រយោជន៍សង្គម និងការរីកចម្រើនវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។

លោកជំទាវបានថ្លែងបែបនេះ ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយក្រុមការងារ មកពីបណ្តាញអង្គការមិនមែនរដ្ឋាភិបាលដែលជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌កម្ពុជា (FFC) រួមមានអង្គការអុកស្វាម វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) និងអង្គការតម្លាភាពកម្ពុជាកាលពីសប្តាហ៍មុន។

លោកជំទាវ ទេសាភិបាល បានស្វាគមន៍តំណាងបណ្តាញអង្គការមិនមែនរដ្ឋាភិបាល ដែលបានមកជួបពិភាក្សាការងារ នាពេលនេះ ដែលនឹងរួមចំណែកកាន់តែមានប្រសិទ្ធភាព ក្នុងការលើកកម្ពស់ការយល់ពីគ្នាទៅវិញទៅមក លើការអនុវត្តគោលនយោបាយរបស់ធនា​គារជាតិនៃកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម តំណាងក្រុមការងារ FFC បានសម្តែងការអបអរដល់លោកជំទាវ ជា សិរី ដែលត្រូវបានតែងតាំង ជាទេសាភិបាលធនាគារជាតិនៃកម្ពុជា និងបានរៀបរាប់ពីកិច្ចការរបស់ FFC ទាក់ទងនឹងការពង្រឹងមូលដ្ឋានភស្តុតាង ក្នុងករណីនៃការវិនិយោគ ដែលបង្កគ្រោះថ្នាក់ និងកិច្ចការចែករំលែកចំណេះដឹង ដល់សហគមន៍មូលដ្ឋាន សម្រាប់ការផ្លាស់ប្តូរកាន់តែប្រសើរក្នុងប្រព័ន្ធហិរញ្ញវត្ថុ។

លោកស្រីបានកោតសសើរធនាគារជាតិនៃកម្ពុជា ដែលបានបញ្ជូនតំណាងចូលរួមស្តាប់ ការចែករំលែកព័ត៌មានរបស់ FFC នាពេលកន្លងមក និងបានចូលរួមមតិយោបល់ជាច្រើន ទាក់ទងនឹងការអនុវត្តវិធានការរបស់ធនាគារជាតិនៃកម្ពុជា ដែលការសហការនេះបានធ្វើឱ្យគម្លាត ដែលធ្លាប់យល់ខុសគ្នា រវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរហិរញ្ញវត្ថុរួមតូចជាងមុន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here