ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីស្ថិតនៅទ្រឹង នៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលវាអាចផ្តល់សញ្ញាណអំពីផ្លូវគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុន (.MIAPJ0000PUS)បានស្ថិតនៅទ្រឹង។
ផ្សារហ៊ុន Nikkei (.N225) របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៣% ដោយទីផ្សារកំពុងរង់ចាំអ៊ុតទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក និងកិច្ចប្រជុំធនាគារកណ្តាលអឺរ៉ុបនៅសប្តាហ៍នេះ។
ទីផ្សារកំពុងរំពឹងថា អតិផរណាស្នូលប្រចាំឆ្នាំនៅសហរដ្ឋអាមេរិកធ្លាក់ចុះដល់៤,៣% នៅក្នុងខែសីហា ទោះបីជាអតិផរណាទូទៅត្រូវបានគេមើលឃើញថានឹងអាចកើនឡើងដល់៣,៦%យ៉ាងណាក្តី។
ប្រាក់យ៉េនរបស់ជប៉ុនបានជួញដូរ ក្នុងថ្ងៃដ៏ល្អបំផុតរបស់ខ្លួនពេញមួយយប់ ធៀបនឹងប្រាក់ដុល្លារ បន្ទាប់ពីទេសាភិបាលធនាគារកណ្តាលជប៉ុនលោក Kazuo Ueda បានលើកឡើងថា អ្នកបង្កើតគោលនយោបាយអាចមានព័ត៌មានសេដ្ឋកិច្ចគ្រប់គ្រាន់នៅចុងឆ្នាំនេះដើម្បីកំណត់ថា អត្រាការប្រាក់រយៈពេលខ្លីនឹងត្រូវកើនឡើង។
មូលបត្របំណុលរបស់រដ្ឋាភិបាលជប៉ុននៅតែស្ថិតក្រោមសម្ពាធនៅថ្ងៃអង្គារនេះ ដោយផលប័ត្រសញ្ញាប័ណ្ណរដ្ឋាភិបាលរយៈពេល១០ឆ្នាំ (JGB) បានកើនឡើង១ពិន្ទុមូលដ្ឋានដល់០,៧១% ។
ពេញមួយយប់ ការធ្លាក់ថ្លៃនៃប្រាក់ដុល្លារ បានជំរុញឱ្យទីផ្សារភាគហ៊ុនអាមេរិកហក់ឡើងថ្លៃ ដោយភាគហ៊ុន Tesla (TSLA.O) បានហក់ឡើងថ្លៃ១០% ខណៈភាគហ៊ុន S&P 500 (.SPX) បានងើបឡើងថ្លៃ០,៧%។
នៅក្នុងទីផ្សារថាមពលវិញ គេសង្កេតឃើញថា តម្លៃប្រេងឆៅប្រភេទ Brent futures មានស្ថិរភាពនៅត្រឹម៩០,៥៩ដុល្លារអាមេរិកក្នុងមួយបារ៉ែល៕