រដ្ឋាភិបាលចិនលុបចោលការអនុវត្តលើពន្ធអចលនទ្រព្យដ៏ចម្រូងចម្រាសនៅទូទាំងប្រទេស

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងប៉េកាំងបានសម្រេចលុបចោល ការអនុវត្តលើពន្ធអចលនទ្រព្យ ដ៏ចម្រូងចម្រាសនៅទូទាំងប្រទេស ខណៈក្រុមមន្ត្រីបង្កើតគោលនយោបាយ កំពុងខិតខំជួយដល់អ្នកអភិវឌ្ឍន៍ ដែលជួបវិបត្តិ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ពន្ធលើអចលនទ្រព្យដ៏ចម្រូងចម្រាសនេះ គឺមានដូចនៅសហរដ្ឋអាមេរិកដែរ ប៉ុន្តែទីក្រុងប៉េកាំង មិនបានដាក់បញ្ចូលការអនុវត្តពន្ធនេះ ទៅក្នុងផែនការបង្កើតច្បាប់រយៈពេល៥ឆ្នាំ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ដោយគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជននោះទេ។

ផ្ទុយទៅវិញ ការជំរុញសេដ្ឋកិច្ចឌីជីថល និងការធានាស្ថិរភាពហិរញ្ញវត្ថុ ត្រូវបានលើកកំពស់ជាអាទិភាព នៅក្នុងរបៀបវារៈនីតិបញ្ញត្តិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីមុន ពន្ធលើអចលនទ្រព្យ ត្រូវបានគេលើកយកមកពិភា​ក្សាគ្នា ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃផ្ទះ និងទប់ស្កាត់ការទិញផ្ទះទុកលក់ចំណេញ  និងដើម្បីកាត់បន្ថយសម្ពាធបំណុល ដែលកំពុងធ្លាក់មកលើរដ្ឋបាលក្នុងតំបន់ ព្រមទាំងជំរុញផែនការរបស់ទីក្រុងប៉េកាំងក្នុងការបង្រួមគម្លាតទ្រព្យសម្បត្តិ។

លោក Yi Xianrong អតីតអ្នកស្រាវជ្រាវនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនបានលើកឡើងថា “ទីក្រុងប៉េកាំង កំពុងព្យាយាមបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងកែលម្អការរំពឹងទុក ប៉ុន្តែវិធានការដកហូតពន្ធលើអចលនទ្រព្យនេះ នឹងជះផលតិចតួចប៉ុណ្ណោះមកលើទីផ្សារអចលនទ្រព្យ”។

ទោះជាយ៉ាងនេះក្តី លោក Yi បានព្រមានអំពីការប្រែប្រួលជាបន្តបន្ទាប់នៃការផ្គត់ផ្គង់ និងតម្រូវការអចលនទ្រព្យ ខណៈការព្យាករណ៍ទុកលើតម្លៃផ្ទះកំពុងផ្លាស់ប្តូរពីនិន្នាការ “តម្លៃផ្ទះមានតែកើនឡើង តែមិនធ្លាក់ចុះ” ទៅជានិន្នាការ “តម្លៃមានតែធ្លាក់ចុះ តែមិនកើនឡើង”។

លោក Yi បានបន្ថែមថា “រដ្ឋាភិបាលចិនគួរតែពិចារណាលើការកាន់កាប់ ឬគ្រប់គ្រងអចលនទ្រព្យ ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនដែលជិតនឹងក្ស័យធន ហើយប្រែក្លាយអចលនទ្រព្យទាំងនោះ ទៅជាលំនៅដ្ឋានដែលមានតម្លៃសមរម្យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here