ប្រទេសហ្វីលីពីនគ្រោងកាត់បន្ថយពន្ធលើអង្ករនាំចូលបន្ថែមទៀត ដើម្បីទប់ស្កាត់តម្លៃអង្ករលក់រាយ

ដោយ: គង់ លាងហួរ
ម៉ានីល: ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសហ្វីលីពីនបានផ្តល់អនុសាសន៍នូវវិធានការជាបន្តបន្ទាប់ រួមទាំងការកាត់បន្ថយពន្ធលើអង្ករនាំចូល ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃលក់រាយ ដែលកំពុងជំរុញឱ្យមានអតិផរណា។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Benjamin Diokno បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា ក្រសួងហិរញ្ញវត្ថុ និងផែនការសេដ្ឋកិច្ចកំពុងស្នើឱ្យកាត់បន្ថយអត្រាពន្ធនាំចូលអង្ករពី៣៥ភាគរយមកនៅចន្លោះពីសូន្យទៅ១០ភាគរយ។

យោងតាមគ្រោងការណ៍ដែលបានកែប្រែ និងត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២១ ពន្ធលើអង្ករ ដែលនាំចូលពីខាងក្រៅតំបន់អាស៊ីអាគ្នេយ៍បានបញ្ចុះមកនៅត្រឹម៣៥ភាគរយពី៤០ទៅ៥០% ពោលគឺស្របតាមការដាក់ពន្ធលើអង្ករ ដែលនាំចូលពីក្នុងតំបន់អាសុី ដូចជាប្រទេសវៀតណាមជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីខែសីហាកន្លងទៅ ក្រសួងកសិកម្មរបស់ប្រទេសហ្វីលីពីនបានផ្តល់អនុសាសន៍ឱ្យនាំចូលអង្ករបន្ថែមប្រហែល៥០០.០០០តោន (MT) សម្រាប់ការមកដល់នៅចន្លោះខែវិច្ឆិកាឆ្នាំនេះ និងខែមករាឆ្នាំក្រោយ ដើម្បីរ៉ាប់រងការខូចខាតដំណាំស្រូវ ដែលអាចកើតមានដោយសារគ្រោះរលកកំដៅ El Nino។

កាលពីសប្តាហ៍មុន ហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករដ៏ធំបំផុតមួយរបស់ពិភពលោកបានដាក់កម្រិតតម្លៃអង្ករដើម្បីការពារអ្នកប្រើប្រាស់។

អតិផរណាអង្ករនៅប្រទេសហ្វីលីពីនបានកើនឡើងដល់៤,២ភាគរយនៅក្នុងខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០១៩។ អត្រាអតិផរណាក្នុងប្រទេសនេះបានហក់ឡើងយ៉ាងលឿន ដោយមិននឹកស្មានដល់ ជាលើកដំបូង ក្នុងរយៈពេល៧ខែ មកត្រឹម៥,៣ភាគរយនៅក្នុងខែសីហា ដោយសារការកើនឡើងនៃថ្លៃម្ហូបអាហារ និងការដឹកជញ្ជូន។

យោងតាមប្រភពពីការិយាល័យប្រធានាធិបតីហ្វីលីពីនបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា តម្លៃអង្ករកិនរួច និងមិនទាន់កិនរួចនឹងមានស្ថិរភាព នៅពេលដែលកសិករចាប់ផ្តើមប្រមូលផលដំណាំស្រូវរបស់ពួកគេនៅក្នុងខែកញ្ញានេះ និងខែតុលាខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here