កម្ពុជាស្នើកូរ៉េខាងត្បូងជួយជំរុញទេសចរណ៍ខ្លួនមកទស្សនាកម្ពុជា ឱ្យដូចមុនវិបត្តិកូវីដ-១៩

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ កម្ពុជាបានស្នើដល់រដ្ឋាភិបាលកូរ៉េ ឱ្យជំរុញភ្ញៀវទេស​ចរមកលេងកម្ពុជាកាន់តែច្រើន ដូចមុនវិបត្តិកូវីដ-១៩។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាង លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោក គីម ជីន ព្យូ ប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េ ដែលជាផ្នែកមួយ នៃដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា។

ក្រៅតែពីការចង់បានភ្ញៀវទេសចរ កម្ពុជាក៏ជំរុញឱ្យកូរ៉េបង្កើនការនាំចូលផលិតផលពីកម្ពុជា ជាពិសេសកសិកម្ម និងកសិផលកែច្នៃ, ជំរុញការរវិនិយោគផ្ទាល់ឱ្យកាន់តែច្រើន និងជួយបណ្ដុះបណ្ដាលផ្នែកបច្ចេកវិទ្យាឌីជីថលដល់សភាកម្ពុជា ដើម្បីមានធនធានគ្រប់គ្រាន់ ឈានទៅអភិវឌ្ឍខ្លួនឱ្យក្លាយជាសភាឌីជីថលដែរ។

ជាការឆ្លើយតប កូរ៉េបានសន្យាជួយគាំទ្រកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យនៃយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល ការអភិវឌ្ឍវិស័យបច្ចេកវិទ្យាកសិកម្ម អព្យាក្រឹតកាបូន និងទេសចរណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរបានឯកភាពបន្ត កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើការកសាងសមត្ថភាព ការអភិវឌ្ឍធនធានមនុស្ស ភាពប្រទាក់ក្រឡាគ្នានៃសន្តិសុខទឹក ថាមពល និងស្បៀង ការផ្លាស់ប្ដូរគ្នាទៅវិញទៅមកក្នុងវិស័យអប់រំ និងវប្បធម៌ ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគីផ្សេងៗទៀត។

លើសពីនេះ កម្ពុជា-កូរ៉េ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងលើកទឹកចិត្តឱ្យរដ្ឋាភិបាលទាំងពីរ ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីលើកកម្ពស់ទំនាក់ទំនងឱ្យក្លាយទៅជា “ដៃគូយុទ្ធ​សាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលប្រកាន់ខ្ជាប់នូវគោលការណ៍គោរពគ្នា ការជឿ ទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិ២.៥លាន កើនឡើង៤០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ទោះជាយ៉ាងណាលោកបណ្ឌិតសាង វ៉ុនផាកប្រធានសមាគមមិត្តភាពកម្ពុជា កូរ៉េបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ភ្ញៀវទេសចរណ៍កូរ៉េ មិនសូវមកទស្សនាកម្ពុជាច្រើនទេ ប៉ុន្តែលោកមិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here