ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា នឹងដាក់ឲ្យអនុវត្តជាផ្លូវការនាពេលខាងមុខ

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើងថា នៅប៉ុន្មានខែខាងមុខនេះ ក្រសួងនឹងដាក់ឱ្យអនុវត្តផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ដែលជាផែនការឆ្ពោះទៅមុខសម្រាប់លើកកម្ពស់ជំនាញឌីជីថលកម្រិតខ្ពស់ និងជាមូលដ្ឋានគ្រឹះសម្រាប់កសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។

ក្នុងឱកាសអញ្ញើញជាអធិបតីក្នុងពិធីបើកសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា២០២៣ (CODE-C: Developer Conference and Tech Expo 2023) ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ត្រូវបានដាក់ចេញដោយផ្តល់អាទិភាពលើការធ្វើបរិវត្តកម្ម និងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា ដូចបានកំណត់ក្នុងបញ្ចកោណទី៥។ លោកបានបន្ថែមថា យើងទាំងអស់គ្នាមានតួនាទីក្នុងការប្រើប្រាស់ជំនាញរបស់យើង ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវការងារអាទិភាពរបស់កម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណទី៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រី បានលើកឡើងអំពីសារសំខាន់នៃការរៀបចំដើម្បីបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនង រវាងអ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធជំរុញការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា។ ក្រសួងបានដាក់ចេញការងារអាទិភាពជាច្រើនរួមមាន ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ចំណេះដឹងឌីជីថល ការជំរុញការចាប់យកឌីជីថល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល និងការពង្រឹងគុណភាពសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ព្រមទាំងការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ លើការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។

សូមបញ្ជាក់ថា CODE-C គឺជាសន្និសីទអ្នកអភិវឌ្ឍន៍សុសវែរ និងពិព័រណ៍បច្ចេកវិទ្យា ប្រមូលផ្តុំអ្នកសរសេរកូដ អ្នកអភិវឌ្ឍន៍បច្ចេកវិទ្យា អ្នកដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យា និងបញ្ញវន្តឌីជីថល ព្រមទាំងសិស្សនិស្សិត ក្នុងគោលបំណងបង្ហាញពីសក្តានុពល និងពង្រីកទំនាក់ទំនង រវាងអ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ជំរុញការរីកចម្រើននៃវិស័យឌីជីថលនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here