ចំនួនមហាសេដ្ឋីស្តុកស្តម្ភនៅក្នុងតំបន់អាសុីដាំក្បាលចុះលើសតំបន់ផ្សេងទៀតនៅជុំវិញពិភពលោក

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែតហុងកុង The South China Morning Post បានចុះផ្សាយថា ចំនួនអ្នកមាន ឬមហាសេដ្ឋីនៅតំបន់អាស៊ីបានធ្លាក់ចុះអស់ប្រមាណ១១% ក្នុងឆ្នាំ២០២២ ដែលនេះជាការធ្លាក់ចុះដ៏ធំបំផុតបើធៀបនឹងបណ្តាតំបន់ផ្សេងទៀតនៅជុំវិញពិភពលោក។

ទ្រព្យសម្បត្តិរបស់ពួកមហាសេដ្ឋីទាំងនេះបានថយចុះ ដោយសារវិធានការទប់ស្កាត់កូវីដដ៏តឹងរឹងរបស់ប្រទេសចិន សេដ្ឋកិច្ចធ្លាក់ចុះ បញ្ហាភូមិសាស្ត្រនយោបាយ និងភាគហ៊ុនធ្លាក់ថ្លៃ ស្របពេលមានការរឹតបន្តឹងខាងផ្នែករូបិយវត្ថុ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយដែលចេញផ្សាយដោយក្រុមហ៊ុន Altrata ។

Altrata គឺជាក្រុមហ៊ុនប្រឹក្សា ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយធ្វើការចងក្រង និង អង្កេតតាមដានទិន្នន័យ ទៅលើក្រុមអ្នកមានទ្រព្យសម្បត្តិច្រើន និងអ្នកដែលមានឥទ្ធិពល។

ទោះជាចំនួនមហាសេដ្ឋីនៅតំបន់អាសុីទាំងមូលមានការធ្លាក់ចុះខ្លាំងជាងតំបន់ផ្សេងយ៉ាងណាក្តី ប៉ុន្តែ ទីក្រុងហុងកុងនៅតែបន្តនាំមុខទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ក្នុងនាមជាទីក្រុងដ៏ធំនៅលើពិភពលោក សម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិសុទ្ធខ្ពស់ (UHNWIs) ឬមហាសេដ្ឋីរស់នៅចំនួន១២.៦១៥នាក់ ខណៈមហាសេដ្ឋីរស់នៅទីក្រុងញូវយ៉កដែលមិនមែនស្ថិតក្នុងតំបន់អាសុី មានចំនួន១១.៨៤៥នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការនាំមុខរបស់ទីក្រុងហុងកុងបានបង្រួមតូចយ៉ាងខ្លាំង ដោយសារតែចំនួនមហាសេដ្ឋី (UHNWI) រស់នៅទីក្រុងនេះបានដាំក្បាលចុះ២៣ភាគរយ តែនៅតែមានចំនួនមហាសេដ្ឋីច្រើនជាងគេដដែល បន្ទាប់ពីធ្លាក់ចុះយ៉ាងណាក្តី ខណៈចំនួនមហាសេដ្ឋីរស់នៅទីក្រុងញូវយ៉កកើនឡើង២,៣ភាគរយ ប៉ុន្តែនៅមានចំនួនមហាសេដ្ឋីតិចជាងហុងកុង។

រីឯ ចំនួនមហាសេដ្ឋីរស់នៅប្រទេសសិង្ហបុរីបានកើនឡើង១៣,៤ភាគរយដល់៤.១៦០នាក់ ដែលជាការកើនឡើងខ្លាំងបំផុតក្នុងចំណោមទីក្រុងកំពូលទាំង១០។ ប៉ុន្តែ ចំនួនអ្នកមាន ឬមហាសេដ្ឋីរស់នៅទីក្រុងតូក្យូបានថយចុះ២៧ភាគរយមកនៅសល់ត្រឹមតែ៣.៧១០នាក់ប៉ុណ្ណោះ ។

បើគិតនៅទូទាំងពិភពលោក ចំនួនមហាសេដ្ឋីបានធ្លាក់ចុះ៥,៤ភាគរយ មកនៅសល់ត្រឹមតែ៣៩៥.០៧០នាក់ប៉ុណ្ណោះ ដែលនេះជាការធ្លាក់ចុះជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៨ និងជាការធ្លាក់ចុះដ៏ធំបំផុតគិតចាប់តាំងពីឆ្នាំ២០១៥។

លើសពីនោះ ទ្រព្យសម្បត្តិរួមរបស់ក្រុមមហាសេដ្ឋីទាំងអស់នេះបានធ្លាក់ចុះអស់៥,៥ភាគរយមកនៅត្រឹម៤៥ពាន់ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ដដែលរបស់ក្រុមហ៊ុន Altrata ៕

LEAVE A REPLY

Please enter your comment!
Please enter your name here