ផ្ទះសង្គមកិច្ចជាង៩៤.០០០យូនីតសម្រាប់ពលរដ្ឋក្រីក្រនៅវៀតណាម ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ

តែម សុខុម

ហាណូយ: ក្រសួងសំណង់នៃប្រទេសវៀតណាម និយាយថា ផ្ទះសង្គមកិច្ចចំនួន៩៤.៣៩០យូនីត ដែលជាផ្នែកមួយនៃគម្រោងសាងសង់ផ្ទះសង្គមកិច្ចឱ្យបានចំនួន១លានយូនីតសម្រាប់ពលរដ្ឋក្រីក្រ ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរគិតមកទល់នឹងពេលនេះ។

យោងតាមរបាយការណ៍ផ្ញើទៅក្រសួងផែនការ និងការវិនិយោគរបស់វៀតណាម បង្ហាញថា ផ្ទះសាងសង់រួចទាំងនេះដែលស្ថិតក្នុងគម្រោងលំនៅឋានសង្គមកិច្ចចំនួន១៨១គម្រោង មានទំហំសរុបជាង៤,៨លានម៉ែត្រការ៉េ។

ក្រសួងសំណង់និយាយថា រដ្ឋបាលមូលដ្ឋានកំពុងដាក់ពង្រាយគម្រោងលំនៅឋានសង្គមកិច្ចចំនួន២៩១គម្រោងផ្សេងទៀតដែលមានផ្ទះប្រមាណ២៧១.៥០០យូនីត និងមានទំហំសរុបជាង១៤,៥លានម៉ែត្រការ៉េ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយអនុលោមតាមគម្រោងសាងសង់លំនៅឋានសង្គមកិច្ចឱ្យបាន១លានយូនីតនោះ នៅត្រឹមឆ្នាំ២០២៥ នឹងមានផ្ទះបែបនេះប្រមាណ៤២៨.០០០យូនីតដែលនឹងកើនឡើងដល់ប្រមាណ៦៣៤.២០០យូនីតនៅឆ្នាំ២០៣០។

ទាក់ទិននឹងកញ្ចប់ឥណទានដែលមានតម្លៃ៤,៩៧ពាន់លានដុល្លារអាមេរិក ក្រសួងសំណង់និយាយថា រដ្ឋបាលមូលដ្ឋានចំនួន១១បានប្រកាសបញ្ជីឈ្មោះគម្រោងចំនួន២៤របស់ពួកគេ ដែលមានសិទ្ធិទទួលបានប្រាក់កម្ចីអនុគ្រោះជាមួយនឹងតម្រូវការប្រាក់កម្ចីប្រមាណជាង៥១៥លានដុល្លារអាមេរិក។

ធនាគារវៀតណាម សម្រាប់គោលនយោបាយសង្គម (Vietnam Bank for Social Policies) អះអាងថា ខ្លួនបានបញ្ចេញប្រាក់ប្រមាណ១៨៣លានដុល្លារអាមេរិក សម្រាប់អតិថិជនជាង១២.០០០នាក់សម្រាប់ឱ្យពួកគេខ្ចីដើម្បីទិញ ឬជួលផ្ទះសង្គមកិច្ចក្នុងចំណោមគោលបំណងផ្សេងទៀត៕ VN Express៕

LEAVE A REPLY

Please enter your comment!
Please enter your name here