រដ្ឋាភិបាលសិង្ហបុរីប្រមូលប្រាក់ចំណូលពន្ធដារ បានរហូតដល់ទៅ៥០,៣ពាន់លានដុល្លារអាមេរិក

ដោយ: គង់ លាងហួរ
សិង្ហបុរី: រដ្ឋាភិបាលសិង្ហបុរីប្រមូលប្រាក់ចំណូលពន្ធបានចំនួន៦៨,៦ពាន់លានដុល្លារសិង្ហបុរី (ប្រហែល៥០,៣ពាន់លានដុល្លារអាមេរិក) សម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២២-២០២៣ ពោលគឺហក់ឡើង១៣,១ភាគរយបើធៀបនឹងឆ្នាំមុន។

អាជ្ញាធរចំណូលក្នុងស្រុករបស់សិង្ហបុរី (IRAS) បានរាយការណ៍កាលពីថ្ងៃពុធ ទី៦ ខែកញ្ញាកន្លងមកថា កំណើននៃការប្រមូលពន្ធក្នុងអត្រា១៣,១%នេះ ឬគិតជាទឹកប្រាក់ស្មើនឹង៧,៩ពាន់លានដុល្លារសិង្ហបុរី បានឆ្លុះបញ្ចាំងឱ្យឃើញពីការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសជាតិ បន្ទាប់ពីការបញ្ចប់ទៅនៃជំងឺរាតត្បាតកូវីដ-១៩។

ទន្ទឹមគ្នានេះដែរ អត្រាជាប់បំណុលសម្រាប់ពន្ធលើប្រាក់ចំណូល ពន្ធលើទំនិញ និងសេវាកម្ម(GST) និងពន្ធអចលនទ្រព្យបានធ្លាក់ចុះមកនៅត្រឹម៣៦៣,១លានដុល្លារសិង្ហបុរី ឬស្មើនឹងអត្រា០,៥៩ភាគរយ បើធៀបនឹងអត្រា០,៦៤ភាគរយក្នុងឆ្នាំហិរញ្ញវត្ថុពីមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម IRAS បានឱ្យដឹងទៀតថា “ពន្ធដែលប្រមូលបាននេះ ត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់កម្មវិធីសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសសិង្ហបុរី ដើម្បីសម្រេចបាននូវកំណើនប្រកបដោយគុណភាព និងសង្គមប្រកបដោយបរិយាប័ន្ន” ។

IRAS បានបញ្ជាក់ថា “ក្នុងចំណោមទឹកប្រាក់៧,៩ពាន់លានដុល្លារសិង្ហបុរីនេះ ក្នុងនោះ ការប្រមូលពន្ធលើប្រាក់ចំណូលសាជីវកម្មមានចំនួន៤,៩ពាន់លានដុល្លារសិង្ហបុរី ដោយសារប្រាក់ចំណូលសាជីវកម្មមានការកើនឡើង”។

ចំណែក ពន្ធលើទំនិញ និងសេវាកម្ម(GST) បានកើនឡើងចំនួន១,៥ពាន់លានដុល្លារសិង្ហបុរី ដោយសារការប្រើប្រាស់កើនឡើងកាន់តែខ្ពស់ និងការស្ទុះងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ខណៈពន្ធលើប្រាក់ចំណូលបុគ្គលបានកើនឡើងចំនួន ១,៣ពាន់លានដុល្លារសិង្ហបុរី។

ទោះជាយ៉ាងនេះក្តី ការប្រមូលពន្ធប្រថាប់ត្រាអចលនទ្រព្យបានធ្លាក់ចុះចំនួន៨០០លានដុល្លារសិង្ហបុរី ឬស្មើនឹងអត្រា១២ភាគរយ ដោយសារតែបរិមាណប្រតិបត្តិការទិញ/លក់ នៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹងឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here