សហរដ្ឋអាមេរិកគ្មានគម្រោងកែប្រែការដាក់ពន្ធ លើទំនិញចិននោះទេរហូតទាល់តែការពិនិត្យឡើងវិញចប់សព្វគ្រប់

ដោយ: គង់ លាងហួរ
វ៉ាស៊ីនតោន: រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo លើកឡើងថា លោកស្រីមិនរំពឹងថា នឹងមានកំណែណាមួយចំពោះពន្ធ ដែលបានដាក់លើប្រទេសចិន ក្រោមរដ្ឋបាលរបស់លោក ដូ ណាល់ត្រាំ នោះទេ រហូតទាល់តែការត្រួតពិនិត្យឡើងវិញត្រូវបានបញ្ចប់។

លោកស្រី Raimondo បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា “ខ្ញុំមិនគិតថា រដ្ឋបាលលោកចូ បៃដិន នឹងធ្វើការផ្លាស់ប្តូរណាមួយឡើយ រហូតដល់ការត្រួតពិនិត្យឡើងវិញនោះត្រូវបានបញ្ចប់”។

ទោះជាយ៉ាងនេះក្តី គេនៅមិនទាន់ដឹងច្បាស់ទេថា តើនៅពេលណាការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក(USTR)នឹងបញ្ចប់ការត្រួតពិនិត្យនេះ។

កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ រដ្ឋបាលលោក ដូ ណាល់ត្រាំ បានដាក់ពន្ធទៅលើការនាំចូលទំនិញរាប់ពាន់ពីប្រទេសចិនដែលមានតម្លៃប្រហែល៣៧០ពាន់លានដុល្លារនៅពេលនោះ បន្ទាប់ពីការស៊ើបអង្កេត “Section 301” បានរកឃើញថា ប្រទេសចិនបាននិងកំពុងក្លែងបន្លំកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក និងបង្ខិតបង្ខំក្រុមហ៊ុនអាមេរិកឱ្យផ្ទេរបច្ចេកវិទ្យារសើបដើម្បីធ្វើអាជីវកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប៉ុន្តែ លោកស្រី Raimondo បានបន្ថែមថា “ការអនុវត្តរបស់ប្រទេសចិនក្នុងការឧបត្ថម្ភធនដល់អាជីវកម្មរបស់ពួកគេបានធ្វើឱ្យប៉ះពាល់ដល់កម្មករអាមេរិក ដូច្នេះយើងត្រូវការការពង្រឹងការប្រកួតប្រជែងដោយស្មើភាពគ្នា”។

តួយ៉ាងកាលពីសប្តាហ៍មុនលោកស្រីបានរិះគន់លើការដាក់កំហិតថ្មីផ្សេងៗរបស់ទីក្រុងប៉េកាំងទៅលើអាជីវកម្មអាមេរិក ដែលធ្វើប្រតិបត្តិការក្នុងប្រទេសចិន។

ទន្ទឹមគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang wentao បានជំរុញឱ្យទីក្រុងវ៉ាសុីនតោនប្រព្រឹត្តដោយស្មើភាពគ្នាចំពោះក្រុមហ៊ុនចិនដែលវិនិយោគនៅសហរដ្ឋអាមេរិក។

លើសពីនេះ លោក Wang បានហៅការដាក់ពន្ធលើទំនិញនាំចូលរបស់ប្រទេសចិនពីសំណាក់សហរដ្ឋអាមេរិកថាជាការរើសអើង នៅពេលដែលលោករដ្ឋមន្ត្រីចិនរូបនេះបានជួបពិភាក្សាគ្នាជាមួយលោកស្រី Raimondo នៅក្នុងទីក្រុងប៉េកាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here