ផ្សារហ៊ុននៅតំបន់អាស៊ីធ្លាក់ថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ខណៈតម្លៃប្រេងឆៅបន្តហក់ឡើងខ្ពស់

ដោយ: គង់ លាងហួរ

តូក្យូ: ផ្សារហ៊ុននៅតំបន់អាស៊ី បានធ្លាក់ថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីសញ្ញាថ្មី នៃសម្ពាធអតិផរណាជានិរន្តរ៍ នៅសហរដ្ឋអាមេរិកបានជំរុញការរំពឹងទុក សម្រាប់ការដំឡើងអត្រាការប្រាក់ រយៈពេលយូរ។

ជាមួយគ្នានេះ ប្រាក់ដុល្លារអាមេរិក បានហក់ឡើងថ្លៃជិតដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីពាក់កណ្តាលខែមីនា ធៀបនឹងដៃគូសំខាន់ៗ ហើយបានឈានដល់កម្រិតកំពូល ក្នុងរយៈពេល១០ខែថ្មីធៀបនឹងប្រាក់យ៉េន។

ចំណែក ប្រេងឆៅប្រភេទ Brent បានហក់ឡើងថ្លៃលើសពី៩០ដុល្លារអាមេរិកក្នុងមួយបារ៉េល ស្របពេលដែលស្ថានភាពនៃការផ្គត់ផ្គង់កាន់តែតឹងរ៉ឹង ដោយបន្ថែមការព្រួយបារម្ភអំពីអតិផរណា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ដ៏ធំបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុន បានធ្លាក់ថ្លៃចុះ០,៤៥ភាគរយ បន្ទាប់ពីមានការធ្លាក់ថ្លៃ នៅក្នុងសង្កាត់ភាគហ៊ុន Wall Street និងផ្សារហ៊ុននៅតំបន់អឺរ៉ុប ហើយផ្សារហ៊ុន Nikkei របស់ជប៉ុនបានធ្លាក់ថ្លៃ០,២ភាគរយ។

ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានធ្លាក់ថ្លៃចុះជិត១ភាគរយ។  ចំណែក ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ របស់ចិនដីគោកបានធ្លាក់ថ្លៃ០,៨ភាគរយ ខណៈសន្ទស្សន៍​ផ្សារហ៊ុនគោល ​របស់​អូស្ត្រាលី​បាន​ធ្លាក់​ថ្លៃ១,១ភាគរយ។

ផ្សារហ៊ុនរបស់សហរដ្ឋអាមេរិក U.S. stock futures បានចង្អុលបង្ហាញពីការធ្លាក់ថ្លៃ០,១ភាគរយ បន្ទាប់ពីភាគហ៊ុន S&P 500 បានធ្លាក់ថ្លៃ០,៧ភាគរយពេញមួយយប់។

ផ្សារហ៊ុន Wall Street បានធ្លាក់ថ្លៃ បន្ទាប់ពីទិន្នន័យបង្ហាញថា វិស័យសេវាកម្មរបស់សហរដ្ឋអាមេរិក បានកើនឡើងដោយមិននឹកស្មានដល់នៅក្នុងខែសីហា ដែលបង្ហាញពីសម្ពាធអតិផរណាដ៏តានតឹង​។

សន្ទស្សន៍ប្រាក់ដុល្លារ  ដែលវាស់រូបិយប័ណ្ណអាមេរិក ធៀបនឹងដៃគូធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតនៅទ្រឹងត្រឹម១០៤,៨៥ពិន្ទុ បន្ទាប់ពីហក់ឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី១៥ ខែមីនាកាលពីថ្ងៃពុធ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here