គណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃធ្វើសច្ចាប្រណិធានចូលកាន់ តំណែងជាផ្លូវការ

ដោយៈ តែម សុខុម

បាងកក: ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានរាជានុញ្ញាតឱ្យនាយករដ្ឋមន្ត្រីថ្មីលោក Srettha Thavisin និងគណៈរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលចម្រុះ ដែលបង្កើតឡើងដោយគណបក្សចំនួន១១កាលពីថ្ងៃអង្គារទី៥ ខែកញ្ញាចូលព្រះបរមរាជវាំង ដើម្បីធ្វើសច្ចា​ប្រណិធានចូលកាន់តំណែងជាផ្លូវការ។

លោក Srettha Thavisin ដែលគណបក្សភឿថៃ របស់លោកជាអ្នកដឹកនាំរដ្ឋាភិបាលចម្រុះនេះ និងគណៈរដ្ឋមន្ត្រីចំនួន៣៣រូប បានសន្យារក្សាភក្ដីភាព ចំពោះរបបរាជានិយមអំឡុង ពិធីធ្វើសច្ចាប្រ​ណិធាននៅព្រះរាជវាំង Dusit Palace ក្នុងទីក្រុងបាងកក។

លោក Srettha Thavisin ត្រូវបានសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែសីហា បន្ទាប់ពីការពន្យារពេលជាច្រើនសប្តាហ៍ ដោយសារខ្វែងគំនិតគ្នា ជុំវិញការបង្កើតរដ្ឋាភិបាល​ចម្រុះ ដែលបង្កើតឡើងដោយគណបក្ស ដែលទទួលបានអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសកល កាលពីខែឧសភា គឺគណបក្សឆ្ពោះទៅមុខ (Move Forward) របស់លោក Pita Limjaroenrat។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលចម្រុះថ្មីនេះ នឹងធ្វើសេចក្តីថ្លែងការណ៍គោលនយោ​បាយរបស់ខ្លួន ទៅកាន់រដ្ឋសភានៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ។

មហាសេដ្ឋី Srettha Thavisin វ័យ៦១ឆ្នាំដែលបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក និងជាអតីតប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប្រណីត Sansiri បានថ្លែងថា រដ្ឋាភិបាលរបស់លោក នឹងផ្តោតលើការដោះស្រាយតម្រូវការរបស់ប្រជាជន។

លោកបានថ្លែងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍បន្ទាប់ពីបានស្បថចូលកាន់តំណែងថា “រដ្ឋាភិបាលនេះ គឺជារដ្ឋាភិបាលរបស់ប្រជាជន។ យើងទាំងអស់គ្នានៅទីនេះ ជាតំណាងរបស់ប្រជាជន”។

លោកបានបន្ថែមថា “មានបញ្ហាជាច្រើន ដូច្នេះយើងនឹងធ្វើការដោយមិននឿយហត់ជារៀងរាល់ថ្ងៃ។ យើងនឹងដោះស្រាយរាល់ការទាមទាររបស់ប្រជាពលរដ្ឋ”។

លោកបានបញ្ជាក់បន្តថា “ខ្ញុំជឿថា ដល់ពេលដែលយើងត្រូវរួបរួមគ្នា ហើយផ្តល់ឱកាសដល់គណៈរដ្ឋមន្ត្រី ដើម្បីចាប់ផ្តើមធ្វើការលើគ្រប់បញ្ហាទាំងអស់ មិនថាជាសេដ្ឋកិច្ច សង្គម ឬនយោបាយឡើយ”៕ Agencies៕

LEAVE A REPLY

Please enter your comment!
Please enter your name here