ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃអង្គារនេះ ខណៈតម្លៃប្រេងឆៅប្រឈមភាពមិនច្បាស់លាស់

ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃនៅថ្ងៃអង្គារនេះ ខណៈការយកចិត្តទុកដាក់ជាសារធារណៈនៅតែបន្តផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច រីឯក្រុមពាណិជ្ជករកំពុងរង់ចាំលទ្ធផលពីកិច្ចប្រជុំធនាគារកណ្តាលអូស្ត្រាលី។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,៧៥ភាគរយមកនៅ៥១១,១៤ពិន្ទុ ដោយងាកឆ្ងាយពី៥១៥,៣៧ពិន្ទុ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១១ ខែសីហា។

បណ្តាភាគហ៊ុនរបស់ប្រទេសចិនបានស្គាល់នូវថ្ងៃជួញដូរដ៏ល្អបំផុតរបស់ពួកគេក្នុងរយៈពេលជាងមួយខែកាលពីថ្ងៃចន្ទម្សិលមិញនេះ ដោយសារទីក្រុងប៉េកាំងបានដាក់ចេញវិធានការថ្មីៗដើម្បីជួយជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។

នៅថ្ងៃអង្គារនេះ សន្ទស្សន៍ភាគហ៊ុន Blue-chip CSI 300 របស់ប្រទេសចិនបានធ្លាក់ថ្លៃ០,៤០ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ហុងកុងបានធ្លាក់ថ្លៃ០,៨៨ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុន S&P/ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៦២ភាគរយ មុនពេលមានការសម្រេចចិត្តគោលនយោបាយពីធនាគារកណ្តាលរបស់ប្រទេសនេះ។

នៅក្នុងទីផ្សាររូបិយប័ណ្ណ សន្ទស្សន៍ប្រាក់ដុល្លារដែលវាស់រូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួនប្រាំមួយបានធ្លាក់ថ្លៃចុះ០,០១៩ភាគរយ ដោយលុយប្រាក់អឺរ៉ូបានធ្លាក់ថ្លៃ០,០៣ភាគរយមកត្រឹម១,០៧៩ដុល្លារក្នុង១អឺរ៉ូ។

ប្រាក់យ៉េនរបស់ជប៉ុនបានធ្លាក់ថ្លៃចុះ០,០៣ភាគរយ មកនៅត្រឹម១៤៦,៥៣យ៉េន ក្នុងមួយដុល្លារ ដែលនៅតែស្ថិតក្នុងកម្រិតដែលនាំឱ្យមានការអន្តរាគមន៍ពីអាជ្ញាធរជប៉ុនកាលពីឆ្នាំមុន។

តម្លៃប្រេងស្ថិតក្នុងភាពមិនច្បាស់លាស់នៅថ្ងៃអង្គារនេះ ជុំវិញមានការរំពឹងទុកលើការកាត់បន្ថយការផ្គត់ផ្គង់ប្រេងដោយសមាជិកអង្គការ OPEC+ នាំមុខគេចំនួនពីរគឺអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី។

តម្លៃប្រេងឆៅ Brent futures សម្រាប់ខែវិច្ឆិកាបានធ្លាក់ចុះ១០សេន ឬ០,១១ភាគរយមកនៅត្រឹម៨៨,៩០ដុល្លារ ក្នុងមួយបារ៉ែល។

តម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) futures សម្រាប់ខែតុលាបានកើនឡើង៣៣សេន ឬ០,៣៩ភាគរយដល់៨៥,៨៨ដុល្លារក្នុង មួយ បារ៉ែលនៅម៉ោង 0029 GMT ៕

LEAVE A REPLY

Please enter your comment!
Please enter your name here