កម្ពុជា-សិង្ហបុរី នៅតែសម្រេចបាននូវកំណើនពាណិជ្ជកម្មរួមគ្នា ទោះមានបញ្ហាជំងឺកូវីដ១៩ក្ដី

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ចាប់តាំងពីដើមឆ្នាំ ២០២០មក កម្ពុជានិងបណ្ដាប្រទេសលើពិភពលោកបានជួបនូវវិបត្តិកូវីដ១៩ ធ្វើឱ្យការធ្វើពាណិជ្ជកម្មនៃប្រទេសនីមួយៗ ជួបបញ្ហា តែយ៉ាងណាក្ដីសម្រាប់កម្ពុជា និងសិង្ហបុរី បែរជាទទួលបានកំណើនជាវិជ្ជមាននៃទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នាទៅវិញ។

ក្នុងជំនួបជាមួយសម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ កម្ពុជា កាលពីល្ងាចម្សិលមិញនេះ លោក Michael Tan Keng ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចំាប្រទេសកម្ពុជា បានឱ្យដឹងថា ទោះបីមានបញ្ហាជំងឺកូវីដ១៩កើតឡើងលើពិភពលោកក៏ដោយ ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងសិង្ហបុរីនៅតែទទួលបានកំណើនខ្ពស់ ជាក់ស្ដែងឆមាសទី១ នៃឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរសម្រេចបាន ២ពាន់លានដុល្លារអាមេរិក ក្នុងនោះដែរការនាំចេញទំនិញពីកម្ពុជាទៅសិង្ហបុរីឃើញថា មានកំណើនគួរកត់សម្គាល់ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា លោកពិតជាមានមោទនភាពបំផុត នូវអ្វីដែលប្រទេសទាំងពីរ កម្ពុជា និងសឹង្ហបុរី បានឈានដល់កិច្ចសហប្រតិបត្តិការមួយដ៏ល្អ ជាពិសេសក្នុងអំឡុងឆ្នាំ២០១៨ និង២០១៩ មុនជម្ងឺកូវីដ១៩ មិនថាវិស័យពាណិជ្ជកម្ម វិនិយោគទុន និងវិស័យទេសចរណ៍។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងសិង្ហបុរី មានលក្ខណៈល្អប្រសើរនាពេលកន្លងមក តែចុងក្រោយនេះមានបញ្ហាប៉ះពាល់ខ្លះ ទៅលើកិច្ចការមួយចំនួន និងកិច្ចសន្ទនា ដោយសារជម្ងឺកូវីដ១៩។

សម្តេចពិជ័យសេនា បានថ្លែងទៀតថា “តែទោះបីយ៉ាងណាក៏ យើងទាំងពីរនៅតែរក្សាខ្ជាប់ខ្ជួនជានិច្ចក្នុងការទំនាក់ទំនង និងផ្តល់ព័ត៌មានទៅវិញទៅមកយ៉ាងទៀងទាត់ផងដែរ។ នៅក្នុងតំបន់របស់យើងមានហានិភ័យតិច បញ្ហាមួយចំនួនបានកម្រើកឡើងជាបន្តបន្ទាប់។ ជាក់ស្តែង ព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមឱ្យសាលារៀនបើកដំណើរការបង្រៀនឡើងវិញហើយ”។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងកន្លងមកថា ជាការកត់សម្គាល់ទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពរឹងមាំ ជាក់ស្ដែងក្នុងវិស័យទេសចរណ៍ កាលពីឆ្នាំ ២០១៩ ប្រជាជនកម្ពុជាទៅលេងសិង្ហបុរីមានចំនួន១០២ពាន់នាក់ ហើយភ្ញៀវសិង្ហបុរីមកលេងកម្ពុជាវិញប្រមាណ៨៨ពាន់នាក់ផងដែរ។

សម្រាប់គម្រោងវិនិយោគសិង្ហបុរី នៅកម្ពុជា ក៏បានមើលឃើញថាទទួលកំណើន និងជំរុញឱ្យការវិនិយោគនៅកម្ពុជាកាន់តែមានសន្ទុះថែមទៀតផងដែរ ក្នុងនោះគម្រោងមួយចំនួនបានទាក់ទាញ វិនិយោគិនបរទេសបន្ថែមមកស្វែងរកការវិនិយោគ ក្នុងពេលសក្ដានុពលនៅតែទូលាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here