កម្ពុជាត្រៀមរួចរាល់ក្នុងដំណើរការរៀបចំចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីការប្ដេជ្ញារបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ នៅក្នុងដំណើរការនៃការរៀបចំចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ សំដៅធ្វើយ៉ាងណាឱ្យអាស៊ានអាចបញ្ចប់ការងារនេះបានទាន់ពេលវេលាតាមការគ្រោងទុក។
ការប្តេជ្ញានេះ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ដឹកនាំដោយលោក AIRLANGGA HARTARTO រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី និងមានការចូលរួមពីរដ្ឋមន្រ្តី និងតំណាងជាតិនៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ច របស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ព្រមទាំងឯកឧត្តមអគ្គលេខាធិការអាស៊ាន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

យោងតាមផេកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា ក្នុងអំឡុងចូលរួមកិច្ចប្រជុំចង្អៀត និងពេញអង្គ នៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាននេះ លោកស្រីរដ្ឋមន្រ្តី បានរំលេចនូវទស្សនល្អៗមួយចំនួន ក្នុងន័យជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ដូចជា ការបន្តខិតខំប្រឹងប្រែងលើការកាត់បន្ថយគម្លាតអភិវឌ្ឍរវាងប្រទេសជាសមាជិក ការធ្វើសមាហរណកម្មសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ បរិវត្តកម្មឌីជីថលនៅក្នុងសេដ្ឋកិច្ចពាណិជ្ជកម្ម និងការបង្កលក្ខខណ្ឌអំណោយផលទៅលើបរិស្ថានពាណិជ្ជកម្មជាដើម សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវភាពធន់របស់ច្រវាក់ផ្គត់ផ្គង់តំបន់និងសកល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់ដំណើរការនៃការរៀបចំឯកសារចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ លោកស្រី ចម និម្មល បានគូសបញ្ជាក់ពីការបន្តតួនាទីដ៏សំខាន់របស់សហគមន៍សេដ្ឋកិច្ចអាស៊ាននៅក្នុងការបង្កើតទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយរបស់អាស៊ាន ដោយធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាពរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាននៅក្នុងដំណើរការនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងធ្វើយ៉ាងណាឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅតែជាតំបន់មួយអាចឆ្លើយតបបានលឿនទៅលើភាពមិនប្រាកដនិយមណាមួយ ដែលអាចកើតនៅពេលអនាគត ដូចជា ការរីករាលដាលនៃជំងឺសកល ការប្រែប្រួលអាកាសធាតុ និងភាពតានតឹងនៃភូមិសាស្រ្តនយោបាយជាដើម។

តាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ជាលទ្ធផលកិច្ចប្រជុំនៅឥណ្ឌូនេស៊ី អង្គប្រជុំបានអនុម័តលើឯកសារសំខាន់ៗមួយចំនួន ជាពិសេសយុទ្ធសាស្រ្តអាស៊ានស្តីពីអព្យាក្រឹតកាបូន ក៏ដូចជាក្របខណ្ឌសេដ្ឋកិច្ចពណ៌ខៀវអាស៊ាន ដែលជាគំនិតផ្តួចផ្តើមអាស៊ានក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព៕
ចំណងជើងរូបភាព៖ លោកស្រី ចម និម្មល ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅរដ្ឋធានីហ្សាការតា ឥណ្ឌូណេស៊ី

LEAVE A REPLY

Please enter your comment!
Please enter your name here