ប្រាក់ចំណូលឧស្សាហកម្មល្បែងសុីសងនៅប្រទេសហ្វីលីពីននឹងហក់ឡើងទ្វេរដង នៅឆ្នាំ២០២៨

ដោយ: គង់ លាងហួរ
ម៉ានីល: ប្រាក់ចំណូលឧស្សាហកម្មល្បែងសុីសងរបស់ប្រទេសហ្វីលីពីននឹងកើនឡើងទ្វេរដង នៅឆ្នាំ២០២៨ ខណៈប្រទេសនេះទាក់ទាញបានភ្ញៀវទេសចរកាន់តែច្រើន ជាពិសេសអ្នកលេងល្បែងជនជាតិចិនដែលមានទ្រព្យច្រើន។

ដៃគូប្រជែងថ្មីៗរបស់ហ្វីលីពីនក្នុងវិស័យកាសុីណូ ដ៏មានសក្តានុពល រួមមានដូចជា ប្រទេសជប៉ុន និងប្រទេសថៃ ខណៈរដ្ឋាភិបាលថ្មីរបស់ប្រទេសនេះត្រូវបានគេរំពឹងថា នឹងដោះស្រាយបញ្ហារសើបក្នុងការធ្វើឱ្យឧស្សាហកម្មល្បែងស៊ីសងមានភាពស្របច្បាប់។

លោក Alejandro Tengco ប្រធានក្រុមហ៊ុន Philippine Amusement and Gaming Corp បានអះអាងថា វិស័យល្បែងសុីសងអាចនឹងមានកំណើនប្រាក់ចំណូលដុលពីការលេងល្បែង (GGR)ប្រចាំឆ្នាំយ៉ាងតិចណាស់១០% ពោលគឺកើនដល់៤៥០ពាន់លាន ទៅ៥០០ពាន់លានប៉េសូ (៧,៩ពាន់លានដុល្លារទៅ៨,៨ពាន់លានដុល្លារ) ក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់ចំណូលដុលសរុបពីការលេងល្បែង (Total GGR) ឈានដល់កំណត់ត្រា២៥៦ពាន់លានប៉េសូកាលពីឆ្នាំ២០១៩ ប៉ុន្តែក្រោយមក ជំងឺរាតត្បាតកូវីដ-១៩បានបំផ្លិចបំផ្លាញឧស្សាហកម្មនេះយ៉ាងខ្លាំង។

ទោះជាយ៉ាងណាក្តី ប្រាក់ចំណូលដុលពីការលេងល្បែង (GGR) បានចាប់ផ្តើមងើបឡើងវិញនៅឆ្នាំ២០២១ និងឈានដល់២១៤ពាន់លានប៉េសូក្នុងឆ្នាំ២០២២កន្លងទៅ។

លោក Tengco បានបញ្ជាក់ប្រាប់ដល់សារពត៌មាន Reuters ថា “បច្ចុប្បន្ននេះ លទ្ធផលដំណើរការដ៏រឹងមាំត្រូវបានជំរុញគាំទ្រដោយស្ថិរភាពនៃអ្នកលេងល្បែងសុីសងនៅក្នុងស្រុក”។

លោក Tengco បានបន្ថែមថា ប្រទេសហ្វីលីពីនកំពុងពង្រឹងឋានៈរបស់ខ្លួនក្នុងនាមជាគោលដៅដ៏ពេញនិយមមួយ តាមរយៈការធ្វើឯកជនភាវូបនីយកម្មកាស៊ីណូដែលគ្រប់គ្រងដោយរដ្ឋ អភិវឌ្ឍគម្រោងល្បែងសុីសងថ្មី និងអនុវត្តកំណែទម្រង់គោលនយោបាយ ខណៈអាចប្រឈមនឹងការប្រកួតប្រជែងពីប្រទេសជប៉ុន និងថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here