ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើង ក្នុងថ្ងៃចន្ទនេះ ខណៈទីផ្សារភ្នាល់ថា ធនាគារកណ្តាលអាមេរិកនឹងផ្អាកដំឡើងអត្រាការប្រាក់ ហើយដោយសង្ឃឹមថា គោលនយោបាយជំរុញរបស់ទីក្រុងប៉េកាំងនឹងគ្រប់គ្រាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចចិន។
សកម្មភាពគោលនយោបាយបន្ថែមទៀតក៏ត្រូវបានរំពឹងទុកពីទីក្រុងប៉េកាំង រួមទាំងការបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះផងដែរ។ សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃ០,១ភាគរយទៀត ដោយបានឡើងដល់២,៣ភាគរយកាលពីសប្តាហ៍មុន។
ជាមួយគ្នានេះដែរ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,២ភាគរយ បន្ទាប់ពីបានកើនឡើងថ្លៃ៣,៤ភាគរយកាលពីសប្តាហ៍មុន។
ផ្សារហ៊ុន Topix ភាគច្រើនបានកើនឡើងថ្លៃ៣,៧ភាគរយកាលពីសប្តាហ៍មុនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣៣ឆ្នាំ ដែលជំរុញដោយទិន្នន័យ ដែលបង្ហាញថា ក្រុមហ៊ុននានាទទួលបានប្រាក់ចំណេញខ្ពស់នៅក្នុងត្រីមាសទី២។
ចំណែកឯការជួញដូរផ្សារហ៊ុន S&P 500 futures និងផ្សារហ៊ុន Nasdaq futures បានប្រែប្រួលតិចតួចនៅព្រឹកថ្ងៃចន្ទនេះ។
តម្លៃប្រេងបានហក់ឡើងជិតកម្រិតខ្ពស់ក្នុងរយៈពេល៧ខែ ដោយសារការរឹតបន្តឹងការផ្គត់ផ្គង់ ខណៈប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងបន្តកាត់បន្ថយការផលិតប្រេងចំនួន១លានបារ៉ែលក្នុងមួយថ្ងៃរហូតដល់ខែតុលា។
ប្រេងឆៅ Brent បានងើបឡើងថ្លៃ៣៥សេន ដល់៨៨,៩០ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅរបស់អាមេរិកបានឡើងថ្លៃ៤៤សេន ដល់៨៥,៩៩ដុល្លារក្នុងមួយបារ៉ែល៕