៧ខែដើមឆ្នាំ២០២៣កម្ពុជានាំចូលទំនិញពីថៃ វៀតណាម និងចិន ក្នុងទំហំ១០ពាន់លានដុល្លារ

តែម សុខុម

បាងកក: ប្រទេសថៃ វៀតណាម និងចិន គឺជាអ្នកផ្គត់ផ្គង់ទំនិញដ៏ធំបំផុតរបស់កម្ពុជា ជាមួយនឹងការនាំចូលក្នុងទំហំ១០ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៣។ នេះបើយោងតាមការឱ្យដឹងពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

កាសែតថៃ The Nation បានចុះផ្សាយកាលពីថ្ងៃសុក្រ ទី០១ កញ្ញា ថា ទំហំនេះគឺស្មើ៧១,២%នៃការនាំចូលសរុបរបស់កម្ពុជា ក្នុងទំហំ១៤ពាន់លានដុល្លារ បើធៀបនឹង៥៧,៤%ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្ហាញពីកំណើននៃការនាំចូល។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានឱ្យដឹងទៀតថា ការនាំចូលពីប្រទេសចិន មានទំហំជាង៦ពាន់លានដុល្លារ ឬ ស្មើ៤៤,៣%នៃការនាំចូលសរុប ការនាំចូលពីវៀតណាម មានទំហំ២ពាន់លានដុល្លារ ឬ ស្មើ១៥% ហើយការនាំចូលពីថៃ មានទំហំ១,៧ពាន់លានដុល្លារ ឬ ស្មើ១១,៩%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមពីលើនេះកម្ពុជាក៏បាននាំចូលទំនិញពីប្រទេសផ្សេងទៀតផងដែរដូចជា ឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន តៃវ៉ាន់ កូរ៉េខាងត្បូង ដាណឺម៉ាក ហ្វាំងឡង់ និងសហរដ្ឋអាមេរិក។

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ ថា ទំនិញដែលកម្ពុជា ទិញពីប្រទេសទាំង៣រួមមានថៃ វៀតណាម ចិន មិនត្រឹមតែឆ្លើយតបនឹងតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយដ៏ធំមួយនៃវត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់ដល់ដំណើរការផលិត ការកែច្នៃ ឬការផលិតសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

នៅពេលសេដ្ឋកិច្ចពិភពលោកងើបឡើងវិញ ការនាំចូលទំនិញពីប្រទេសទាំង៣នេះនឹងងើបឡើងវិញ ជាពិសេសផលិតផលដែលត្រូវកែច្នៃទៅជាផលិតផលសម្រេចសម្រាប់ការនាំចេញ។

លោក លឹម ហេង បានបន្ថែមថា ប្រទេសថៃ វៀតណាម ចិន ក៏ជាទីផ្សារដែលក្នុងមួយឆ្នាំៗទទួលទំនិញពីកម្ពុជា ក្នុងម្នាក់ច្រើនលានដុល្លារ ផងដែរ។

ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៣ ប្រទេសទាំង៣ខាងលើនេះបាននាំចូលទំនិញពីកម្ពុជា ក្នុងទំហំសរុបជិត៣ពាន់លានដុល្លារ ដែលស្មើ២២,១%នៃការនាំចេញសរុបរបស់កម្ពុជា ក្នុងទំហំ១៣,៥ពាន់លានដុល្លារ៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here