តម្លៃគ្រឿងសំណង់ត្រូវបានព្យាករថានឹងកើនឡើងខ្លាំងក្នុងត្រីមាសទី៣ ឆ្នាំ២០២៣

តែម សុខុម

ហាណូយ: ក្រសួងសំណង់វៀតណាម បានព្យាករថា តម្រូវការអាចម៍ដី ថ្ម និងខ្សាច់នឹងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ហើយតម្លៃសម្ភារៈសំណង់ទាំងនេះក៏នឹងកើនឡើងផងដែរ។ នេះបើយោងតាមសារព័ត៌មាន VN Express ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា។

ដោយផ្អែកលើការប្រែប្រួលនៃទីផ្សារសម្ភារៈសំណង់ក្នុងឆមាសទី១ ឆ្នាំនេះ ក្រសួងសំណង់បានព្យាករថា តម្លៃខ្សាច់ និងថ្មក្នុងត្រីមាសទី៣ ឆ្នាំនេះនឹងបន្តកើនឡើង នៅពេលគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំៗជាច្រើនបានចាប់ផ្តើមក្នុងពេលដំណាលគ្នានៅទូទាំងប្រទេសចាប់ពីដើមឆ្នាំនេះ។

ក្នុងចំណោមនោះរួមមានអនុគម្រោងចំនួន១០ នៃផ្លូវល្បឿនលឿនភាគខាងកើត-ភាគខាងជើង-ភាគខាងត្បូង (East-North-South Expressway) ដែលស្ថិតក្នុងរយៈពេលសាងសង់ពីឆ្នាំ២០២១-២០២៥ ផ្លូវក្រវាត់ក្រុងលេខ៤ ក្នុងទីក្រុងហាណូយ ផ្លូវក្រវាត់ក្រុងលេខ៣ ក្នុងទីក្រុងហូជីមិញ ផ្លូវល្បឿនលឿនបៀនហ័រ – វង់តាវ (Bien Hoa – Vung Tau Expressway) និងផ្លូវល្បឿនលឿនចាវដុក – កានដូ – សុកត្រាង (Chau Doc – Can Tho – Soc Trang Expressway) ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងទាំងនេះធ្វើឱ្យតម្រូវការអាចម៍ដី ថ្ម និងខ្សាច់កើនឡើងយ៉ាងខ្លាំងដែលបង្កការលំបាកដល់អ្នកវិនិយោគ អ្នកសាងសង់ និងអាជ្ញាធរមូលដ្ឋាន។ ជាពិសេស តំបន់ចំនួន៣ដែលនឹងមានតម្រូវការសម្ភារៈសំណង់ខ្លាំងគឺក្រុងហាណូយ ក្រុងហូជីមិញ និងបណ្ដាខេត្តដីសណ្ដទន្លេមេគង្គ។

ចំពោះសម្ភារៈសំណង់ដូចជា ស៊ីម៉ងត៍ ដែក និងកៅស៊ូ Asphalt ក្រសួងសំណង់បានព្យាករថា តម្លៃរបស់វានឹងនៅទ្រឹង ឬ ធ្លាក់ចុះបន្តិចក្នុងត្រីមាសទី៣ ដោយសារតែការផ្គត់ផ្គង់មានច្រើនលើសតម្រូវការទាំងសម្រាប់ការសាងសង់ និងការនាំចេញ។

ការព្យាករខាងលើនេះធ្វើឡើងដោយផ្អែកលើទិន្នន័យ ការវាយតម្លៃទីផ្សារសម្ភារៈសំណង់ កម្លាំងពលកម្ម ឬ ការអភិវឌ្ឍគម្រោងសាងសង់ដែលត្រូវបានស្រាវជ្រាវដោយវិទ្យាស្ថានសេដ្ឋកិច្ចសាងសង់នៃក្រសួងសំណង់។

ព័ត៌មាននេះត្រូវបានប្រមូលចងក្រងជារបាយការណ៍ និងការព្យាករអំពីការប្រែប្រួលទីផ្សារ បន្ទាប់មកបំប្លែងវាទៅជារបាយការណ៍ប្រតិបត្តិរបស់ក្រសួងសំណង់ដើម្បីផ្ញើជូននាយករដ្ឋមន្ត្រី ក្រសួង ស្ថាប័ននានា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដើម្បីក្តាប់ស្ថានការណ៍នេះឱ្យបាន៕ VN News៕

LEAVE A REPLY

Please enter your comment!
Please enter your name here