ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ការរឹតបន្តឹងការនាំចេញអង្ករបាក់ និងអង្ករសប្រភេទផ្សេងទៀត រួមទាំងរឹតបន្តឹងការនាំចេញស្រូវសាលី និងស្ករ និងរក្សាទុកគ្រាប់ធញ្ញជាតិមួយចំនួនរបស់ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករធំជាងគេនៅលើពិភពលោក គឺជាឱកាសសម្រាប់កម្ពុជា។
យោងតាមសារព័ត៌មានរបស់ប្រទេសឥណ្ឌា “The Economic Times” បានផ្សព្វផ្សាយថា រដ្ឋាភិបាលឥណ្ឌានឹងកំណត់តម្លៃអង្ករ១ ២០០ដុល្លារក្នុង១តោន លើការនាំចេញអង្ករ basmati (អង្ករដ៏ពេញនិយមនៅអាស៊ីខាងត្បូង) ដើម្បីការពារការរត់ពន្ធអង្ករស ដែលត្រូវបានហាមឃាត់មិនឱ្យនាំចេញ។
ចំពោះតម្លៃដែលលក់ចេញ ក្នុងករណីខ្លះមានត្រឹមតែ៣៥៩ ដុល្លារក្នុង១តោន ដែលទាបជាងតម្លៃនាំចេញជាមធ្យម១២១៤ដុល្លារនៅខែនេះ។
ក្រោយពីកំណត់តម្លៃតាមកិច្ចសន្យា និងរកឃើញមានការលក់ក្រោមតម្លៃ១២០០ដុល្លារក្នុង១តោន រដ្ឋាភិបាលប្រទេសនេះនឹងចាត់វិធានការ។ ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីឥណ្ឌាបានដាក់ពន្ធ២០ ភាគរយ លើការនាំចេញអង្ករសំរូប កាលពីថ្ងៃទី២៥ ខែសីហា។ ពន្ធលើការនាំចេញអង្ករសំរូបនេះ នឹងត្រូវអនុវត្តន៍រហូតដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣។
លោកឧកញ៉ាចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ឱ្យដឹងកាលពីដើមសប្តាហ៍នេះថា វាជាឱកាសសម្រាប់កម្ពុជា ក្នុងការចាប់យកចំណែកទីផ្សារបន្ថែមទៀត នៅពេលដែលឥណ្ឌាផ្អាកការនាំចេញអង្ករបែបនេះ។
លោកបញ្ជាក់ថា “សម្រាប់កម្ពុជាយើង វាជាឱកាសល្អ ដែលយើងក្នុងនាមជាប្រទេសនាំចេញអង្ករដែរ ព្រោះថានៅពេលដែលតម្រូវការកាន់តែច្រើន អ្នកផ្គត់ផ្គង់មានតិច”។ លោកបន្ថែមថា “នោះហើយជាពេលដែលយើង អាចចាប់ចំណែកទីផ្សារបន្ថែមទៀត”។ឪ
ទោះជាយ៉ាងណាក្តីកម្ពុជា ក៏ត្រូវមានការពង្រឹងខ្លួនឯងដែរ ជាពិសេសរក្សាឱ្យបានគុណភាពអង្កររបស់យើង និងកេរ្តិ៍ឈ្មោះក្នុងនាមជាអង្ករល្អដាច់គេ។
ដោយឡែក បើងាកទៅមើលប្រទេសជាប់ភូមិផង របងជាមួយនឹងកម្ពុជា គឺប្រទេសវៀតណាម ដែលជាប្រទេសនាំចេញអង្ករលំដាប់ទី៣របស់ពិភពលោក បាននិងកំពុងសម្រុកទិញស្រូវពីកម្ពុជា។
ចំពោះសកម្មភាពនេះ ត្រូវបានលោកចាន់ សុឃាំង យល់ឃើញថា ជារឿងធម្មតាដោយសារវៀតណាម ជាឈ្មួញទិញស្រូវរបស់កម្ពុជាជាយូរមកហើយ ប៉ុន្តែអ្វីដែលលោកបានកត់សម្គាល់នោះគឺ ឆ្នាំនេះវៀតណាម បានទិញស្រូវពីកម្ពុជា ក្នុងតម្លៃខ្ពស់ជាងរាល់ឆ្នាំ ដោយសារវៀតណាម គាត់មានទុនបម្រុងច្រើន ទើបគាត់ទិញស្រូវស្តុកទុកបានច្រើន អាចទុកប្រើប្រាស់ក្នុងស្រុកផង និងសម្រាប់នាំចេញទៅក្រៅប្រទេសផង។
ថ្វីដ្បិតតែវៀតណាម ជាប្រទេសនាំចេញអង្ករដ៏ធំមួយ បន្ទាប់ពីឥណ្ឌា និងថៃមែន ប៉ុន្តែវៀតណាម ក៏មាននាំចូលអង្ករពីប្រទេសផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងស្រុកដែរ។
លោកឧកញ៉ាចាន់ សុខឃាំងបានបន្តថា បើទោះបីជាតម្លៃស្រូវមានការឡើងថ្លៃមែន ប៉ុន្តែទីផ្សារអង្ករអន្តរជាតិ មិនទាន់មានការឡើងថ្លៃដែលសមមាត្រ ទៅនឹងតម្លៃស្រូវដែលឡើងនេះទេ ដោយសារតែប្រទេសភាគច្រើន បានទិញអង្ករស្តុកទុក តាំងពីមានការផ្ទុះរីករាលដាលជំងឺកូវីដ១៩រាប់សែនតោន ដែលប្រើប្រាស់មិនទាន់អស់ ដូចនេះតម្លៃអង្ករនៅទីផ្សារអន្តរជាតិ មិនទាន់មានកើនឡើងគួរឱ្យកត់សម្គាល់នៅឡើយទេ។
រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក បណ្ឌិតយ៉ង សាំងកុមារបានមានប្រសាសន៍ថា ការរឹតត្បិតរបស់ឥណ្ឌា ចំពោះការនាំចេញអង្ករនេះ មានផលល្អសម្រាប់កម្ពុជា ខណៈដែលកម្ពុជា មានសន្តិសុខស្បៀងល្អ និងក៏ជាប្រទេសនាំចេញអង្ករផងដែរ។
លោកបានបន្តថា “ទោះបីជាប្រទេសមួយចំនួន មានបញ្ហាសន្តិសុខស្បៀង ក្រោយពីឥណ្ឌាផ្អាកនាំចេញអង្ករស តែកម្ពុជាមិនត្រឹមតែមិនជួបបញ្ហានោះទេ តែវាថែមទាំងបានផ្តល់ឱកាសឱ្យកម្ពុជាទៀតផង”។ លោកបន្តថា “ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករ បាននិងកំពុងខិតខំសហការគ្នា ក្នុងការធ្វើការងារច្រើនជាមួយកសិករ និងរោងម៉ាស៊ីនកិនស្រូវ ដើម្បីជំរុញការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារពិភពលោកតាមផែនការកំណត់”។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវ អង្ករកម្ពុជាបានឱ្យដឹងថា នៅក្នុងរយៈពេល៧ខែ ពោលគឺគិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជា បាននាំចេញអង្ករទៅក្រៅប្រទេស ក្នុងបរិមាណចំនួន ៣៦២,៧៩៨តោន ទៅកាន់ប្រទេសគោលដៅចំនួន ៥២ នៅលើពិភពលោកដោយបរិមាណ នាំអង្ករចេញនេះស្មើនឹង ៥២ ភាគរយនៃផែនការ៧០ម៉ឺនតោន៕