តើអ្វីដែលអ្នកខ្ចីប្រាក់គួរដឹងពីខចែងលំអិតថ្មីរបស់ធនាគារជាតិ នៃកម្ពុជាទើបដាក់ចេញ?

ដោយៈ គង់ ម៉ាលីនណា

                    ភ្នំពេញៈ សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា (CMA) ទើប​តែ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ស្តង់ដា​កិច្ចសន្យា​ឥណទាន​ និង​ខ​ចែង​កិច្ចសន្យា​ឥណទាន ដើម្បី​បង្កើន​តម្លាភាព​និង​កិច្ច​ការពារ​ដល់​អតិថិជន។

លោក សុខ ចាន់ នាយកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ នៃសមាគមធនាគារនៅកម្ពុជា បានពន្យល់ទាក់ទងនឹងខចែងស្តង់ដាកិច្ចសន្យាឥណទានទាំង៥ចំណុចថា ចំពោះឥណទានឬកម្ចី ដែលមានទំហំធំជាង៥ម៉ឺនដុល្លារអាមេរិក រហូតដល់១០ម៉ឺនដុល្លារអាម៉េរិក គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តម្រូវឱ្យដាក់បញ្ជូល​ខចែងស្តង់ដាទាំង៥ ចំណុចចូលទៅក្នុងកិច្ចសន្យាឥណទាន របស់គ្រឹះស្ថានដែលមានស្រាប់។

ចំណុចខចែង​ទាំង៥ លោក សុខ ចាន់ បាន​ពន្យល់​លម្អិត​ទាំងនោះមានដូចជា

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី១ រយៈពេលហាមឃាត់ (Lock-in Period)

ការទូទាត់សងឥណទានដោយផ្នែក ឬទាំងស្រុងមុនកាលកំណ​ត់ក្នុងរយៈពេលហាមឃាត់ ពោលគឺរយៈពេលមួយ ដែលស្ថិតក្នុងអំឡុងពេលពាក់កណ្តាល (១/២) នៃរយៈពេលឥណទាន ប៉ុន្តែមិនត្រូវឱ្យលើសពីរយៈពេល២៤ខែ  គិតចាប់ពីកាលបរិច្ឆេទ នៃការបញ្ចេញឥណទានលើកទី១។

ឧទាហរណ៍ ប្រសិនបើអតិថិជនខ្ចីប្រាក់ ពីគ្រឹះស្ថានធនាគារមួយដែលមានរយៈពេល៦ឆ្នាំ នោះរយៈពេលហាមឃាត់គឺ២៤ ខែឬ២ឆ្នាំ។ ប៉ុន្តែបើកម្ចីរយៈពេល៣ឆ្នាំ រយៈពេលហាមឃាត់គឺ១ឆ្នាំកន្លះ។

ទី២ ការជូនដំណឹងជាមុនអំពីការទូទាត់សង មុនកាលកំណត់ដោយផ្នែកឬទាំងស្រុងក្នុងអំឡុងពេលហាមឃាត់

ការជូនដំណឹងជាមុន អំពីការទូទាត់សងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុង ក្នុងអំឡុងពេលហាមឃាត់ គឺមិនឱ្យលើសពីរយៈពេល៣០ថ្ងៃ មុនថ្ងៃទូទាត់សងមុនកាលកំណត់ ដោយផ្នែកឬទាំង​ស្រុង (ថ្ងៃក្នុងប្រតិទិន)។

ការសងមុនកាលកំណត់ដោយផ្នែកឬទាំងស្រុង នៅក្នុងអំឡុងពេលហាមឃាត់ អតិថិជនត្រូវចំណាយលើសោហ៊ុយសង មុនកាលកំណត់ ដោយផ្នែក ឬទាំងស្រុងស្នើនឹង៣% នៃចំនួនទឹកប្រាក់ដើមដែលត្រូវទូទាត់សង មុនកាលកំណត់ដោយផ្នែកឬទាំងស្រុង។

ទី៣ការជូនដំណឹងជាមុនអំពីការទូទាត់សង មុនកាលកំណត់ដោយផ្នែកឬទាំងស្រុង បន្ទាប់ពីផុតរយៈពេលហាមឃាត់

ដោយឡែក ចំពោះការទូទាត់សងមុនកាលកំណត់ ដោយផ្នែកឬទាំងស្រុង បន្ទាប់ពីផុតរយៈពេលហាមឃាត់អតិថិជន ឬអ្នកខ្ចីប្រាក់ ត្រូវជូនដំណឹងជាមុន មិនឱ្យលើសពីរយៈពេល៣០ថ្ងៃ (ថ្ងៃក្នុងប្រតិ​ទិន)។ ការទូទាត់សងមុនកាលកំណត់ ដោយផ្នែកឬទាំងស្រុង បន្ទាប់ពីផុតរយៈពេលហាមឃាត់ ដោយមិនបានជូនដំណឹងមុនរយៈពេល៣០ថ្ងៃ អតិថិជនត្រូវបង់សោហ៊ុយចំណាយ ដោយស្នើនឹង១% នៃប្រាក់ដើម ដែលអតិថិជនត្រូវសងមុនកាលកំណត់ ដោយផ្នែកឬទាំងស្រុង។

ទី៤ ការដកបណ្ណកម្មសិទ្ធិក្រោយទូទាត់សងទាំងស្រុង

គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវប្រគល់ឯកសារសម្គាល់ម្ចាស់កម្មសិទ្ធិ ឬឯកសារសម្គាល់សិទ្ធិកាន់កាប់លើទ្រព្យធានា ព្រមទាំងលិខិតរួចបំណុល ក្នុងរយៈពេលយ៉ាងយូរ៧ (ប្រាំពីរ)ថ្ងៃ នៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃទូទាត់សងផ្តាច់បំណុលជាស្ថាពរ ដោយមិនរាប់បញ្ចូលនូវរយៈពេល នៃការដោះបន្ទុកលើអចលនទ្រព្យ/ បណ្ណកម្មសិទ្ធិជូនអតិថិជនឡើយ។

អតិថិជនក៏ពុំតម្រូវឱ្យដាក់លិខិតស្នើដក ឯកសារសម្គាល់ម្ចាស់កម្មសិទ្ធិ ឬឯកសារសម្គាល់សិទ្ធិកាន់កាប់ លើទ្រព្យធានាពីគ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុនោះដែរ បន្ទាប់ពីថ្ងៃទូទាត់សងផ្តាច់បំណុលជាស្ថាពរ ។

ទី៥ លេខបណ្តឹងតវ៉ា

ក្នុងស្ដង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទាន តម្រូវឲ្យមានភ្ជាប់លេខបណ្តឹងតវ៉ា របស់គ្រឹះស្ថានធនាគារ និងលេខសមាគមធនាគារនៅកម្ពុជា (០២៣ ២៣៨ ៧៦០ /០៩២ ៧៧១ ៨៨១) ក៏ដូចជាលេខសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (0១៥ ៣៦៥ ២២២)  ដើម្បីងាយស្រួលអតិថិជនទាក់ទង ក្នុងករណីមានបណ្តឹងតវ៉ាណាមួយកើតឡើង។

ក្នុងន័យនេះ បើសិនជាគ្រឹះស្ថានជាសមាជិក នៃសមាគមធនាគារនៅកម្ពុជា ត្រូវដាក់លេខបណ្តឹងតវ៉ារបស់គ្រឹះស្ថាន និងលេខបណ្តឹងតវ៉ារបស់សមាគមធនាគារនៅកម្ពុជា ប៉ុន្តែប្រសិនបើជាគ្រឹះ​ស្ថានជាសមាជិក នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវដាក់លេខបណ្តឹងតវ៉ារបស់គ្រឹះស្ថាន និងលេខបណ្តឹងតវ៉ា របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

គួរ​បញ្ជាក់ថា ស្តង់ដា​កិច្ចសន្យា​ឥណទាន​ និង​ខ​ចែង​កិច្ចសន្យា​ឥណទាន ចែកចេញ​ជាបួនប្រភេទរួមមាន៖

១/. ស្តង់ដា​កិច្ចសន្យា​ខ្ចី​មាន​ទ្រព្យ​ធានា
២/. ស្តង់ដា​កិច្ចសន្យា​ខ្ចី​គ្មាន​ទ្រព្យធានា
៣/. កិច្ចព្រមព្រៀង​ភតិសន្យា​ហិរញ្ញវត្ថុ​ចលនវត្ថុ
៤/. ស្តង់ដា​កិច្ចសន្យា​ឥណទាន​ជាក្រុម។

ស្តង់ដា​កិច្ចសន្យា​ឥណទាន​ និង​ខ​ចែង​កិច្ចសន្យា​ឥណទាន​សម្រាប់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ​បាន​បែង​ចែក​ទំហំ​កម្ចី​​ឥណទានជា ៣ កម្រិត​។ ចំពោះ​ទំហំ​ប្រាក់​កម្ចី/ ឥណទាន​ដែល​មាន​ទំហំតូច​ជាង ឬ​ស្មើ៥០.០០០ដុល្លារ (ប្រាំម៉ឺន​ដុល្លារ​អាមេរិក) គ្រប់​​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់​ តម្រូវឱ្យប្រើ​ទម្រង់​និង​លក្ខខណ្ឌដូចគ្នានៃ​ស្តង់ដា​កិច្ច​សន្យា​ឥណទាន ដែល​ចេញ​ដោយ​សមាគម​ធនាគារ​នៅកម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា។

ដោយ​ឡែក​សម្រាប់​ទំហំឥណទាន ​ចាប់ពី៥០.០០០ដុល្លារ រហូតដល់១០០.០០០ដុល្លារ គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់ ត្រូវដាក់​បញ្ចូលខ​ចែងស្ដង់ដារ​នៃកិច្ចសន្យា ដែលត្រូវ​ប្រើ​នៅ​ក្នុង​កិច្ចសន្យា​ឥណទាន ​របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែល​ចេញដោយ ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា។

សម្រាប់​ទំហំ​ឥណទាន​ លើស​ពី១០០.០០០ដុល្លា មិន​កំណត់ស្តង់ដារ​នៃកិច្ចសន្យាឥណទាន ឬ​ខ​ចែង​ស្តង់ដារ​ណាមួយ​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here