ដោយ: គង់ លាងហួរ
សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើង នៅថ្ងៃពុធនេះ ហើយប្រាក់ដុល្លារបានធ្លាក់ថ្លៃ ខណៈទិន្នន័យការងារទន់ខ្សោយរបស់សហរដ្ឋអាមេរិក បានជំរុញការភ្នាល់គ្នាថា ធនាគារកណ្តាលអាមេរិកអាចនឹងផ្អាកការដំឡើងអត្រាការប្រាក់នៅខែក្រោយ។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៨៦ភាគរយដល់កំពូលរយៈពេលពីរសប្តាហ៍។ ប៉ុន្តែ សន្ទស្សន៍នេះធ្លាក់ថ្លៃ៦ភាគរយប្រចាំខែសីហា និងបានកំណត់សម្រាប់ការជួញដូរប្រចាំខែដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីខែកុម្ភៈ។
សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើង០,៥ភាគរយ ខណៈដែលសន្ទស្សន៍ S&P/ASX 200 របស់អូស្ត្រាលីបានងើបឡើង០,៦៤ភាគរយ។
ភាគហ៊ុនរបស់ប្រទេសចិនបានងើបឡើងថ្លៃក្នុងសប្តាហ៍នេះ បន្ទាប់ពីការប្រកាសអំពីវិធានការដើម្បីលើកកំពស់ទំនុកចិត្តរបស់វិនិយោគិន រួមទាំងការបន្ថយពន្ធលើការជួញដូរភាគហ៊ុនពាក់កណ្តាល ការបន្ធូរបន្ថយច្បាប់កម្ចី និងការផ្អាកលើការចុះបញ្ជីថ្មី។
នៅក្នុងការជួញដូរដំបូង សន្ទស្សន៍ផ្សារហ៊ុនចិន Blue-chip CSI 300 ងើបឡើង០,៣ភាគរយ ខណៈសន្ទស្សន៍ Hang Seng របស់ទីក្រុងហុងកុងបានងើបឡើង០,៧៥ភាគរយ។
សង្កាត់ផ្សារហ៊ុន Wall Street បានងើបឡើងថ្លៃយ៉ាងខ្លាំងនៅពេលបិទ ខណៈផលប័ត្ររតនាគារបានធ្លាក់ចុះដល់កម្រិតទាបរយៈពេល៣សប្តាហ៍ បន្ទាប់ពីទិន្នន័យបានបង្ហាញថា ការបើកការងារនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុត។
តម្លៃប្រេងឆៅរបស់អាមេរិកបានកើនឡើង០,៣២ភាគរយដល់៨១,៤២ ដុល្លារក្នុងមួយបារ៉ែល ហើយប្រេង Brent បានកើនឡើង០,២៣ភាគរយដល់៨៥,៦៩ដុល្លារក្នុងមួយបារ៉ែល។ សន្ទស្សន៍គោលទាំង២នេះបានកើនឡើងច្រើនជាង១ដុល្លារក្នុងមួយធុងបារ៉ែលកាលពីថ្ងៃអង្គារ ដោយសារការធ្លាក់ថ្លៃនៃប្រាក់ដុល្លារ៕