NBCត្រៀមអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ដើម្បីរក្សាតម្លៃប្រាក់រៀល ស្របពេលប្រាក់ដុល្លារអាមេរិកឡើងថ្លៃខ្ពស់

ដោយៈ ម៉ាលីនណា

      ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) បានត្រៀមអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជា ខណៈតម្លៃប្រាក់ដុល្លារអាមេរិកឡើងថ្លៃខ្ពស់ជាសកល បើធៀបនឹងរូបិយប័ណ្ណផ្សេងៗ ក្នុងនោះរួមទាំងប្រាក់រៀលរបស់កម្ពុជាផងដែរ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិកបានកើនឡើង គួរឱ្យកត់សម្គាល់ ដែលមូលហេតុចម្បង គឺដោយសារកត្តារដូវកាល និងសម្ពាធនៃការឡើងថ្លៃនៃប្រាក់ដុល្លារ អាមេរិកនៅលើទីផ្សារអន្តរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះកត្តារដូវកាល កំណើនតម្រូវការប្រាក់រៀល បានថយល្បឿន នៅក្នុងដំណាក់កាល នៃការបង្កបង្កើនផលកសិកម្ម និងរដូវកាល ដែលសកម្មភាពវិស័យទេសចរណ៍ មិនមានភាពមមាញឹក (low season)។ ចំណែកប្រាក់ដុល្លារអាមេរិក ជារួមបានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយពីធនាគារកណ្ដាលអាមេរិក បន្តដំឡើងអត្រាការប្រាក់គោល ដែលទាក់ទាញមូលធនឱ្យហូរចូលទៅសហរដ្ឋអាមេរិក និងបង្កើនតម្រូវការប្រាក់ដុល្លារអាមេរិកលើទីផ្សារអន្តរជាតិ។

ធនាគារជាតិនៃកម្ពុជា បន្តប្រកាន់យករបបអត្រាប្តូរប្រាក់អណ្ដែ​តមានការគ្រប់គ្រង ដែលអនុញ្ញាត ឱ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប។ ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជាត្រៀមខ្លួន ចាត់វិធានការតាមការចាំបាច់ ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍ នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឲ្យមានស្ថិរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here