អាជីវកម្មភោជនីយដ្ឋានជប៉ុនក្នុងទីក្រុងហុងកុងអាចដាំក្បាលចុះ៣០ភាគរយដោយសារបញ្ហាមួយ

ដោយ: គង់ លាងហួរ

ហុងកុង: ភោជនីយដ្ឋានជប៉ុនមួយចំនួន ក្នុងទីក្រុងហុងកុងរំពឹងថា អាជីវកម្មពួកគេនឹងដាំក្បាលចុះ៣០% បន្ទាប់ពីទីក្រុងនេះហាមឃាត់ការនាំចូលអាហារសមុទ្រ ពីខេត្តចំនួន១០របស់ប្រទេសជប៉ុន ដោយបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា។

ការហាមឃាត់នេះ​បានធ្វើឡើង​ ស្របពេល​ដែល​ប្រទេស​ជប៉ុន​បាន​ចាប់​ផ្តើម​បញ្ចេញ​ទឹក​ កាកសំណល់​វិទ្យុសកម្ម​ចេញ​ពី​រោងចក្រ​នុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ហុងកុងគឺជាទីផ្សារធំបំផុតទីពីរ របស់ប្រទេសជប៉ុនសម្រាប់ការនាំចេញអាហារសមុទ្រ បន្ទាប់ពីប្រទេសចិនដីគោក ដោយការហាមឃាត់លើការនាំចូលនេះ បានធ្វើឱ្យភោជនីយដ្ឋានជប៉ុន មួយចំនួនជួបផលលំបាក។

លោក Simon Wong ប្រធានសហព័ន្ធភោជនីយដ្ឋាន និងពាណិ​ជ្ជកម្មពាក់ព័ន្ធរបស់ទីក្រុងហុងកុង បានលើកឡើងថា “យើងរំពឹងថា អាជីវកម្ម នឹងដាំក្បាលចុះបន្ថែមទៀតពី២០ ទៅ៣០ភាគរយ ឬច្រើនជាងនេះទៀត សម្រាប់ភោជនីយដ្ឋានជប៉ុនលំដាប់ខ្ពស់មួយចំនួន” ។

លោកបន្តថា “ចំពោះភោជនីយដ្ឋានលំដាប់ខ្ពស់ ផលិតផលរបស់ពួកគេភាគច្រើន ត្រូវបានដឹកជញ្ជូនដោយផ្ទាល់ ពីប្រទេសជប៉ុនទៅកាន់ហុងកុង ហើយ​ប្រសិនបើ​ពួកគេ​មិនមាន​បរិមាណ ​ផលិតផល​នេសាទ​គ្រប់គ្រាន់ ​សម្រាប់​ភោជនីយដ្ឋាន នោះ​អាជីវកម្ម​នឹង​រងផលប៉ះពាល់​”។

ទោះជាយ៉ាងនេះក្តី លោក Wong ជឿជាក់ថា កង្វះការផ្គត់ផ្គង់នឹងមិននាំឱ្យមានការកើនឡើងនៃតម្លៃនោះទេ ដោយសារអាទិភាពរបស់ពាណិជ្ជករ គឺរក្សាឱ្យបាននូវអតិថិជនរបស់ពួកគេ។

ការហាមឃាត់ការនាំចូលនេះ អនុវត្តន៍ចំពោះខេត្តចំនួន១០របស់ប្រទេសជប៉ុន រួមទាំងទីក្រុងតូក្យូ ហ្វូគូស៊ីម៉ា និងណាហ្គាណូផងដែរ។  វាគ្របដណ្តប់លើអាហារសមុទ្រស្រស់ កក ត្រជាក់ ស្ងួត និងកែច្នៃ ក៏ដូចជាអំបិលសមុទ្រ និងសារ៉ាយសមុទ្រផងដែរ។

ចំណែក ទីក្រុងម៉ាកាវក៏បានអនុវត្តបម្រាមនេះ កាលពីថ្ងៃព្រហ​ស្បតិ៍សប្តាហ៍មុនផងដែរ ដោយគ្របដណ្តប់លើទំនិញ មកពីតំបន់ដូចគ្នារបស់ប្រទេសជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here