ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ លោក ហែម វណ្ណឌី បានជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសសហគ្រិនស្រ្តី ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគិនពីក្រៅប្រទេស។
លោក ហែម វណ្ណឌី ថ្លែងបែបនេះ ធ្វើឡើងក្នុងជំនួបជាមួយសមាគមសហគ្រិនស្រ្តីកម្ពុជា ដែលដឹកនាំដោយលោកស្រី កែវ មុំ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍។
លោកមានប្រសាសន៍ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មីសុទ្ធតែជាបញ្ញវ័ន្ត និងជាអ្នកដឹកនាំជំនាន់ក្រោយ ដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងជំរុញឱ្យសេដ្ឋកិច្ចជាតិមានការលូតលាស់។ ហេតុដូច្នេះហើយ លោកសង្ឃឹមថា វិស័យឯកជន នឹងខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត។
លោកបន្ថែមថា លោកចង់ឃើញ SME និងសមាគម មានសមត្ថភាពខ្លាំងជាងមុន និងមានធនធានមនុស្សពូកែជាងមុន ហើយអាចធ្វើការជាកម្រិតគោលនយោបាយ ដើម្បីអាចផ្សារភ្ជាប់ជាមួយក្រុមហ៊ុនបរទេសធំៗមកវិនិយោគ ដែលជាការចូលរួមចំណែកទាក់ទាញក្រុមហ៊ុនវិនិយោគធំៗ ព្រោះប្រសិនបើ SME ខ្សោយ គេនឹងមិនមកបណ្តាក់ទុនវិនិយោគនោះទេ។
លោកហែម វណ្ណឌីបានបញ្ជាក់ថា “បេសកម្មនេះ មិនមែនតែជារបស់រដ្ឋាភិបាលតែមួយទេ តែក៏ជាបេសកម្មរបស់វិស័យឯកជន ដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ”។លោកបន្ថែមថា បើយើងមានទស្សនវិស័យរួមបែបនេះ ខ្ញុំជឿជាក់ថា យើងនឹងប្រឹងប្រែង ពង្រឹងសមត្ថភាពពង្រឹងកម្លាំងធនធាន ហើយឈានទៅដល់ការជជែក កម្រិតគោលនយោបាយថែមទៀត”។
កម្រិតគោលនយោបាយ គឺត្រូវធ្វើអីរួមគ្នាជាសមាគម ត្រូវធ្វើអីជាមួយរដ្ឋាភិបាល ហើយចង់ឱ្យរដ្ឋាភិបាលដោះស្រាយអ្វី? ហើយការទទួលខុសត្រូវរួមគ្នានេះ នឹងនាំឱ្យយើងរីកចម្រើនជាច្រើន។
ជាមួយគ្នានេះ លោកស្រីឧកញ៉ាកែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសសហគ្រិនស្រ្តី នៅតែជួបបញ្ហាប្រឈម ដែលទាមទារឱ្យមានការចូលរួមស្ថាប័នពាក់ព័ន្ធ។
តាមរយៈសៀវភៅ “ស” ដែលបានចងក្រងដោយសមាគមសហគ្រិនស្រ្តីកម្ពុជា បានកត់សម្គាល់ឃើញថា បញ្ហាដែលពួកគេជួយប្រទះខ្លាំងគឺ ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវកម្ម ដែលពួកគេត្រូវការចំណេះដឹង ខាងផ្នែកបច្ចេកវិទ្យា ឱ្យបានកាន់តែទូលំទូលាយ ដើម្បីជួយឱ្យមានភាពរឹងមាំ ក្នុងការពង្រឹង និងពង្រីកខ្លួនបន្ថែមទៀត។
លោកស្រីបន្តថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ដែលជំនាញខាងវិទ្យាសាស្រ្ត និងបច្ចេកទេសផ្សេង គាត់ នឹងអាចផ្តល់នូវវគ្គបណ្តុះបណ្តាលផ្សេងៗ និងធ្វើការជាមួយក្រសួងស្ថាប័នផ្សេងៗ ដើម្បីជួយដោះស្រាយបញ្ហាផ្សេង របស់សហគ្រិនស្រី្តយើងផងដែរ៕