ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃចន្ទនេះ ខណៈប្រទេសចិនបានប្រកាសវិធានការថ្មីដើម្បីគាំទ្រដល់ទីផ្សារ ទោះបីជាអ្នកវិនិយោគមានការប្រុងប្រយ័ត្ន មុនពេលចេញផ្សាយតួលេខការងារនៅសហរដ្ឋអាមេរិក និងអតិផរណាយ៉ាងណាក្តី។
កាលពីថ្ងៃអាទិត្យ ទីក្រុងប៉េកាំងបានប្រកាសថា ខ្លួននឹងកាត់បន្ថយការបង់ពន្ធប្រថាប់ត្រាចំនួនពាក់កណ្តាលលើការជួញដូរភាគហ៊ុន ដើម្បីជំរុញទីផ្សារដែលកំពុងជួបការលំបាក និងធ្វើឱ្យអ្នកវិនិយោគមានទំនុកចិត្តឡើងវិញ។
វិធានការនេះមានតម្រូវការជាចាំបាច់ ដោយសារប្រាក់ចំណេញនៅបណ្តាក្រុមហ៊ុនឧស្សាហកម្មរបស់ប្រទេសចិនបានធ្លាក់ចុះ៦,៧ភាគរយនៅក្នុងខែកក្កដាធៀបនឹងឆ្នាំមុន ដោយពង្រីកការធ្លាក់ចុះនៅឆ្នាំនេះដល់ខែទី៧ហើយ ។
ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវរបស់ប្រទេសចិនបានធ្លាក់ថ្លៃ២ភាគរយកាលពីសប្តាហ៍មុន ហើយគ្រប់ខ្សែចក្ខុទាំងអស់នឹងងាកទៅផ្តោតមើល សន្ទស្សន៍ PMI ផ្លូវការសម្រាប់ខែសីហា ដែលគ្រោងចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ខាងមុខ។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ០,២ភាគរយ បន្ទាបពីបានងើបឡើងថ្លៃតិចតួចកាលពីសប្តាហ៍មុន និងបានបញ្ចប់ការខាតបង់រយៈពេល៣សប្តាហ៍។
ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៩ភាគរយ ដែលគាំទ្រមួយផ្នែកដោយសារតែ ការធ្លាក់ថ្លៃជាបន្តបន្ទាប់នៃរូបិយប័ណ្ណប្រាក់យ៉េន។
ចំណែកឯ ផ្សារហ៊ុន S&P 500 futures បានងើបឡើងថ្លៃ០,១ភាគរយ និងផ្សារហ៊ុន Nasdaq futures បានងើបឡើង០,២ភាគរយ ដែលពង្រីកការងើបឡើងតិចតួចកាលពីសប្តាហ៍មុន៕