ក្រសួងសេដ្ឋកិច្ចរំពឹងថា ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារនឹងសម្រេចបានប្រមាណ១០៧ភាគរយ

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំពឹងថា ការប្រមូលចំណូ​លពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុង ឆ្នាំ២០២៣នេះ នឹងសម្រេចបានប្រមាណ១០៧ភាគរយ លើសផែននៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រា​ប់ការគ្រប់គ្រងឆ្នាំ២០២៣។

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍ បានបង្ហាញថា ចំពោះលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និង ហិ​រញ្ញវត្ថុ ក្នុងនោះតាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ ២០២៣ ចំណូ​លពន្ធដារនឹងសម្រេចបានប្រមាណ១០៧ភាគរយ នៃផែនការច្បាប់ ដែលឆ្លុះបញ្ចាំងឱ្យឃើញ ពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តផែនការ យុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋាន ពន្ធដារ។

ជាក់ស្ដែងក្នុងរយៈពេល ៧ខែដើមឆ្នាំ២០២៣នេះ ពន្ធ-អាករសរុបដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន មានចំនួនជាង ៩.៣៦៧ ប៊ីលានរៀល ត្រូវប្រមាណ២.៣១២លានដុល្លារ ស្មើជាង ៦៤ភាគរយ នៃផែនការច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព្រមជាមួយគ្នានោះដែរ បដិវត្តឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថលកំពុងមានការរីកលូតលាស់ឥត ឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ពិសេសការធ្វើប្រតិបត្តិការ ពា​ណិជ្ជកម្ម រួមទាំងប្រតិបត្តិករថ្នាលអេឡិចត្រូនិកចូលមក ក្នុងព្រះរាជាណាចក្រកម្ពុជា។

អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា បើពិនិត្យពីលទ្ធផលនៃការប្រមូលចំណូលពន្ធតាមប្រភេទពន្ធវិញ មានប្រភេទពន្ធមួយចំនួននៅតែមានបញ្ហាប្រឈម ជាក់ស្តែងក្នុងរយៈពេល៧ខែនេះ ការប្រមូលពន្ធ លើអចលនទ្រព្យសម្រេច បានត្រឹម៥៧ពាន់លានរៀល ត្រូវជាង១៤លានដុល្លារ បើប្រៀបធៀបនឹងផែនការប្រចាំឆ្នាំ២០២៣ សម្រេចបានជិត៣៧ភាគរយប៉ុណ្ណោះ។

ដើម្បីជំរុញការប្រមូលពន្ធ លើអចលនទ្រព្យថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតជូនដំណឹង ស្តីពីការរំលឹកលើកទី២ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ដើម្បីដើម្បីក្រើនរំលឹកម្ចាស់អចលនទ្រព្យមួយចំនួន ដែលមិនទាន់បានបំពេញកាតព្វកិច្ចប្រកាស និងមកបង់ប្រាក់ពន្ធឲ្យបានរួសរាន់។

សម្រាប់ជាវិធានការវិញ ក្នុងឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងបំពាក់បន្ថែមនូវឧបករណ៍ម៉ាស៊ីន ស្កេនមុខកត់វត្តមានរបស់មន្ត្រីទទួលបន្ទុក និងកាមេរ៉ាសុវត្ថិភាព នៅតាមចំណុចយុទ្ធសាស្ត្រមួយចំនួន នៅក្នុងរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ទាំងអស់ក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here