វិស័យមូលបត្រកម្ពុជានៅតែមានដំណើររលូន ប៉ុន្តែទំហំទឹកប្រាក់ជួញដូរភាគហ៊ុនបានធ្លាក់ចុះ

        ដោយៈ គង់ ហ្វីអួណា

        ភ្នំពេញៈ របាយការណ៍បានបង្ហាញថា ទំហំទឹកប្រាក់ជួញដូរនៅផ្សារហ៊ុនកម្ពុជា បានចាប់ផ្តើមមានសញ្ញាធ្លាក់ចុះ បើទោះបីជាថ្នាក់ដឹកនាំស្ថាប័ននេះបញ្ជាក់ថា ការជួញដូរនៅតែបន្តសកម្មភាពរលូនក្តី។

របាយការណ៍ដដែលបានបន្តថា គិតមកដល់បច្ចុប្បន្ន​ និយ័តករមូលបត្រកម្ពុជា បានផ្ដល់លេខអត្តសញ្ញាណវិនិយោគិនសរុបចំនួនជាង៤ម៉ឺន ក្នុងនោះវិនិយោគិនជារូបវន្តបុគ្គល មានចំនួនជាង៩៩% និងវិនិយោគិនសញ្ញាត្តិខ្មែរ មានចំនួនជាង៨៧%។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់នៃនិយ័តករមូលបត្រកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានឲ្យដឹងថា ក្នុងពេលប្រទេសទាំងអស់ កំពុងប្រឈមនឹងវឹកវរដោយសារតែវិបត្តិនានា កម្ពុជាក៏មានភាពប៉ះពាល់មួយចំនួនដែរ។ ជាក់ស្ដែងអ្នកដែលធ្លាប់ជួញដូរធំៗ បានងាកមកជួញដូរក្នុងកម្រិតស្រាល ប៉ុន្តែអ្វីដែលអាចធានាបាននោះ គឺជាលំនឹង​ និងស្ថិរភាពទីផ្សាររបស់កម្ពុជា។

លោកបន្តថា ក្នុងវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីកូវីដ-១៩ និងវិបត្តិ នៃសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន វិស័យមូលបត្រក្នុងប្រទេសកម្ពុជា នៅតែមានដំណើរដោយរលូន ប៉ុន្តែយ៉ាងណាក្ដីទំហំទឹកប្រាក់ជួញ ដូរភាគហ៊ុនបានថមថយបន្តិច តែចំនួនអ្នកជួញដូរភាគហ៊ុនមានការកើនឡើង។

លោកបានលើកឡើងដោយសុទិដ្ឋិនិយមថា ទៅថ្ងៃអនាគត ជាពិសេសក្រោយពេលកម្ពុជា ផ្លាស់ប្ដូរសមាសភាពរាជរដ្ឋាភិបាល វិស័យមូលបត្រ​ នឹងមានដំណើរការរីកចម្រើនទៅមុខ ជាលំដាប់បន្ថែមទៀត ហើយនៅចុងឆ្នាំ២០២៣​ នឹងមានក្រុមហ៊ុនមួយចំនួនទៀតចុះបញ្ជីក្នុងក្រុមហ៊ុនមូលបត្រកម្ពុជា ដូចជា​ ក្រុមហ៊ុនចុះបញ្ជីលក់មូលនិធិបំណុល និងក្រុមហ៊ុនចុះបញ្ជីបោះផ្សាយមូលបត្រ ក្នុងផ្សារមូលបត្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here