ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ការតាំងពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ នឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការជំរុញពាណិជ្ជកម្មសកល និងពហុភាគីក៏ ដូចជាការបើកទីផ្សារចិន យ៉ាងសកម្មទៅកាន់ពិភពលោក ខណៈកម្ពុជា នឹងអាចទាក់ទាញការវិនិយោគអន្តរជាតិ និងចិនបន្ថែមទៀតពីពិព័រណ៍នាំចូលអន្តរជាតិមួយនេះ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យលោកស៊ាង ថៃ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាវាយតម្លៃខ្ពស់ចំពោះការតាំងពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣នេះ ដែលត្រូវបានឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក បានថ្លែងថា “ពិព័រណ៍នេះបានបង្ហាញថា ប្រទេសចិនតែងតែប្តេជ្ញាចិត្តលើកកម្ពស់ពាណិជ្ជកម្ម និងពហុភាគីអន្តរជាតិ ទោះបីមានវិបត្តិជំងឺកូវីដ១៩”។
ការតាំងពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ ប្រចាំឆ្នាំនេះ គឺជាពិព័រណ៍នាំចូលលើកទី១ នៅលើពិភពលោក ហើយបានឃើញលទ្ធផលផ្លែផ្កាពីពិព័រណ៌ពាណិជ្ជកម្មពីរកន្លងមក។
ការតាំងពិព័រណ៍លើកទី៣នេះ ត្រូវបានធ្វើនៅថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃអង្គារ ក្នុងសប្តាហ៍នេះ នៅទីក្រុងសៀងហៃភាគខាងកើតប្រទេសចិន។ នៅឆ្នាំនេះ ការតាំងពិព័រណ៍នេះ មានក្រុមហ៊ុន និងអ្នកដឹកនាំឧស្សាហកម្មចូលរួមចំនួន៥០០ នៅលើពិភពលោក បានកើនឡើង ១៤ ភាគរយធៀបនឹងឆ្នាំមុន។
កន្លែងតាំងពិព័រណ៍សម្រាប់សហគ្រាសនេះ នឹងមានទំហំសរុប ៣៦០,០០០ ម៉ែត្រការ៉េ កើនឡើង ៦០,០០០ ម៉ែត្រការ៉េ បើធៀបនឹងឆ្នាំមុន។
លោក ស៊ាង ថៃ បានមានប្រសាសន៍ថា ពិព័រណ៍នេះនឹងជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនទូទាំងពិភពលោកក្នុងការចាប់យកទីផ្សារចិន។
លោក បានបន្តថា “អ្នកតាំងពិព័រណ៍បរទេស នឹងអាចបង្ហាញផលិតផលសេវាកម្ម និងគម្រោងវិនិយោគរបស់ពួកគេ មិនត្រឹមតែចំពោះអតិថិជនចិនប៉ុណ្ណោះទេ ប៉ុន្តែអ្នកទិញ និងអ្នកតាំងពិព័រណ៍អន្តរជាតិដទៃទៀត”។
លោក បានថ្លែងថា ការតាំងពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី៣ ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជានិងចិន ហើយកម្ពុជាទទួលបានអត្ថប្រយោជន៍ជាច្រើនពីពិព័រណ៍ពីរចុងក្រោយ។
យោងតាមទិន្នន័យពីស្ថានទូតចិនប្រចាំនៅកម្ពុជា បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន មានទំហំទឹកប្រាក់សរុប ៩,៤២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ កើនឡើង ២៧ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨៕