ដោយៈ គង់ សូរិយា
ភ្នំពេញៈ នៅផ្សារម៉ាក្រូ ខេត្តសៀមរាបបានរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញ ព្រមទាំងការតាំងបង្ហាញផលិតផល ក្នុងស្រុក ក្រោមគម្រោងការទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូតូច និងមធ្យមរបស់គណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយខេត្តសៀមរាប។
ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ សីហា ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយខេត្តសៀមរាប ដោយមានតំណាងអាជ្ញាធរខេត្ត និង សភាពាណិជ្ជកម្ម អស់លោកលោកស្រីជាផលិតករ មកពីបណ្តាខេត្តចំនួន១០ ខេត្ត ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ប្រតិបត្តិករទេសចរណ៍ និងសិស្សានុសិស្សផងដែរ។
លោក យុន លីនណេ អភិបាលរងខេត្ត សូមថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានរៀបចំវេទិកាផ្គូផ្គង រវាងអ្នកផលិត និងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ក្រោមគម្រោង ការទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូតូច និងមធ្យម ដើម្បីឱ្យអ្នកផលិត និងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិក ចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ។
លោកបានបញ្ជាក់ថា រដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប និងក្រុមលេខាធិការដ្ឋាន ដែលជាជំនួយការឱ្យគណៈកម្មាធិការ សូមគាំទ្រ និងចូលរួមផ្សព្វផ្សាយ និងជម្រុញការអនុវត្តចលនាភូមិ១ ផលិតផល១ឱ្យបានជោគជ័យ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។
លោកបណ្ឌិត សួង ណយ ដើមី្បឈានទៅការនាំចេញទៅក្រៅប្រទេស និង ស្របទៅនឹងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល គោលនយោបាយអភិវឌ្ឍជាតិផ្សេងៗ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានចូលរួមចំណែកក្នុងការអភិវឌ្ឍ និងជាពិសេសកាត់បន្ថយភាពក្រីក តាមរយៈការអភិវឌ្ឍផលិតផលភូមិ១ផលិតផល១ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន។
លោកបន្តទៀតថា សហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០១៩ ដែលមានចក្ខុវិស័យ ក្លាយជាថ្នាល ជាតិ សម្រាប់ការលើកកម្ពស់ ក៏ដូចជា អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី នៃវិស័យសហគ្រិនភាព នៅក្នុងប្រទេសកម្ពុជា។ គោលបំណងរបស់សហគ្រិនខ្មែរ គឺដើម្បីកៀងគរវិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីតាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលមានភាពរស់រវើក និងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែន ហិរញ្ញវត្ថុដល់អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។
ជាមួយនឹងគោលដៅរួមគ្នា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយបរិយាបន្ន និងនិរន្តរភាព និងមើលឃើញថាលទ្ធភាពទទួលបានទីផ្សារជាបញ្ហាចម្បងមួយ សម្រាប់សហគ្រាសនៅកម្ពុជា -OVOP និងអង្គការអុកស្វាម បានសហការគ្នាតាំងពីឆ្នាំ២០២២ តាមរយៈគម្រោង “ការទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក និងសហ គ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១)»។ គម្រោងនេះ រួមមានការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញនៅតាមបណ្តាខេត្ត-ក្រុងជាង១០។
អ្នកចូលរួមនឹងអាចបង្ហាញផលិតផល/ សេវាកម្មរបស់ពួកគេ និងភ្ជាប់ទំនាក់ ទំនងជាមួយអ្នកទិញ និងអ្នកលក់សក្តានុពល។
លោកបានបន្តទៀតថា ពួកគេក៏ទទួលបានការយល់ដឹង កាន់តែច្រើនអំពីបញ្ហាទាក់ទងនឹង ភាពជាសហគ្រិន រួមទាំងការគ្រប់គ្រងហិរញ្ញវត្ថុ និងអាជីវកម្មប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវផងដែរ។ បន្ទាប់ពីវេទិកានេះ ពួកគេបន្តទទួលបានការគាំទ្រពីក្រុមការងារថ្នាក់ជាតិ និងខេត្តរបស់ OVOP ដើម្បីលក់ផលិតផល របស់ពួកគេទៅកាន់អ្នកទិញក្នុងស្រុក និងអន្តរជាតិ។
ម៉្យាងទៀត យើងទទួលបានដៃគូសហការថ្មី គឺ សហគ្រិនខ្មែរ ដើម្បីសហការគាំទ្រ និងពង្រឹងលទ្ធភាពទទួលបានទីផ្សារ សម្រាប់អ្នកផលិតក្នុងស្រុក និងពង្រីកការគាំ ទ្រនេះទៅកាន់បណ្តាខេត្ត-ក្រុងផ្សេងៗទៀត។ ឆ្នាំនេះពួកយើងមានគម្រោងរៀបចំ វេទិកានេះនៅ១៥ខេត្ត-ក្រុងបន្តទៀត៕