ដោយៈ តែម សុខុម
ហាណូយ: ក្រុមហ៊ុនអ៊ីនធឺណិតទើបបង្កើតថ្មីVNG បានដាក់ពាក្យសុំឡើងIPO (ការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង) នៅសហរដ្ឋអាមេរិក។
ប្រសិនជាផែនការនេះជោគជ័យ ក្រុមហ៊ុននេះនឹងក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាមទី១ ដែលស្វះស្វែងសុំចុះបញ្ជីក្នុងប្រទេសមហាអំណាចពិភពលោកមួយនេះ។
ក្រុមហ៊ុន VNG ដែលគ្រោងលក់ជិត២២លានភាគហ៊ុនរបស់ខ្លួន នៅក្នុងការឡើង IPO នឹងកំណត់តម្លៃជួញដូរ នៅក្នុងពាក្យស្នើសុំជាក្រោយ ដែលដាក់ជូនគណៈកម្មការមូលបត្រអាមេរិក (US Securities and Exchange Commission)។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា។
នៅក្នុងពាក្យស្នើសុំរបស់ខ្លួនដាក់ជូន កាលពីថ្ងៃពុធ ទី២៣ ខែសីហា ក្រុមហ៊ុន VNG និយាយថា ខ្លួននឹងបន្តស្ថិតក្រោមការគ្រប់គ្រងដោយសហស្ថាបនិករបស់ខ្លួន គឺលោក ឡេ ហុង មិញ (Le Hong Minh) និងលោក វួង ក្វាម ខៃ (Vuong Quang Khai)។
ក្រុមហ៊ុន VNG នឹងកាន់កាប់ភាគហ៊ុន៤៩% នៃក្រុមហ៊ុន VNG Corp ដែលជាក្រុមហ៊ុនប្រតិបត្តិការវៀតណាម។
ការឡើង IPO ក្នុងទីផ្សារសហរដ្ឋអាមេរិក ពីសំណាក់ក្រុមហ៊ុនអ៊ីនធឺណិតវៀតណាម VNG នេះបានធ្វើឡើង ក្រោយពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាមVinFast កាលពីពេលថ្មីៗនេះបានឡើង IPO ចូលក្នុងទីផ្សារសហរដ្ឋអាមេរិក ដោយទទួលបានជោគជ័យយ៉ាងសម្បើម និងល្បីល្បាញពេញពិភពលោក៕ Bangkok Post៕