ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ទំហំនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េសម្រេចបានទឹកប្រាក់ជិត១៦៥លានដុល្លារ ក្នុងរយៈពេល៧ខែឆ្នាំ ២០២៣ ។
ចំនួនទឹកប្រាក់នេះ បានកើនឡើងជាង១/៥ ដងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ខណៈទំហំពាណិជ្ជកម្មទ្វេភាគី មានចំនួន៤៤៧លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យGDCE បានបង្ហាញថា ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ ២០២៣ កម្ពុជាបាននាំទំនិញទៅកូរ៉េចំនួន១៦៤,៧៤ លានដុល្លារ កើន២១,៦ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដែលមាន១៣៥,៤៩លានដុល្លារ។ ជាមួយគ្នានេះប្រទេសកូរ៉េ ក៏នាំទំនិញមកកម្ពុជា ក្នុងទំហំទឹកប្រាក់២៨២,៣២លានដុល្លារផងដែរ ធ្លាក់ចុះ១៩,៨ភាគរយ ពីចំនួន៣៥១,៩៨លានដុល្លារ។
ប្រទេសកូរ៉េ គឺជាដៃគូពាណិជ្ជកម្មធំទី១២ របស់កម្ពុជា ដែលនាំមុខដោយចិន អាមេរិក និងវៀតណាមជាដើម។អគ្គនាយកដ្ឋានគយបានឱ្យដឹងទៀតថា សម្រាប់រយៈពេល៧ ខែដើមឆ្នាំ ២០២៣ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាព១១៧,៥៧ លានដុល្លារ ខណៈរយៈពេល៧ខែឆ្នាំ២០២២ ឱនភាពជញ្ជីងពាណិជ្ជកម្មមានចំនួន២១៦,៥ លានដុល្លារ។
អ្នកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មបានថ្លែងថា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេរភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ RCEP ចូលជាធរមាន គេសង្កេតឃើញចរន្តនៃការដោះដូរទំនិញនៃប្រទេសទាំង២ បានបោះជំហានទៅមុខកាន់តែរលូន ពិសេសកំណើនការនាំចេញកសិផលពីកម្ពុជា ទៅប្រទេសកូរ៉េ។
លោកបន្តថា ផលិតផលក្នុងវិស័យកសិកម្មកម្ពុជា អាចនឹងមានឱកាសកាន់តែច្រើន នៅលើទីផ្សារប្រទេសកូរ៉េ ខណៈគុណភាព និងសមត្ថភាពការដាំដុះ និងកែច្នៃនៅកម្ពុជាក៏កាន់តែល្អប្រសើរ។ ម្យ៉ាងទៀតចំនួនវិនិយោគិនកូរ៉េ ដែលមកបណ្តាក់ទុននៅប្រទេសកម្ពុជាដើម្បីផលិត និងកែច្នៃសម្រាប់នាំទៅកូរ៉េ និងប្រទេសដទៃទៀតក៏កំពុងកើនឡើងដែរ៕