អាស៊ាននិងប្រទេសជាដៃគូព្រមានពីហានិភ័យនៃភាពតានតឹងភូមិសាស្រ្តនយោបាយ

ដោយៈ គង់ ម៉ាលីនណា

        ឥណ្ឌូនេស៊ីៈ មន្រ្តីជាន់ខ្ពស់អាស៊ាន និងប្រទេសដៃគូកិច្ចប្រជុំកំពូលអាស៊ីបូព៌ាបានព្រមានថា ភាពតានតឹងភូមិសាស្ត្រនយោបាយ អាចរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងទំនាក់ទំនងពាណិជ្ជកម្មសកលដោយរារាំងការទទួលបាន ផលប្រយោជន៍ពីសកលភាវូបនីយកម្ម។

ការព្រមាននេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងរដ្ឋមន្ត្រីសេដ្ឋកិច្ចប្រទេសដៃគូ នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១១ កាលពីថ្ងៃទី២១ ខែសីហា នៅទីក្រុង Semarang ប្រទេសឥណ្ឌូនេស៊ី ដែលដឹកនាំដោយលោក Zulkifli Hasan រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូនេស៊ី។

កិច្ចប្រជុំបានស្វាគមន៍លោក Filipus Nino Pereira រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត ក្នុងនាមជាអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំបានបញ្ជាក់ថា “កិច្ចប្រជុំបានសង្កត់ធ្ងន់ថា ភាពតានតឹងភូមិសាស្ត្រនយោបាយ អាចរំខានដល់ទំនាក់ទំនងពាណិជ្ជកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់អន្តរជាតិ ដែលរារាំងដល់ផលយោជន៍ ដែលមានប្រសិទ្ធភាព ដែលទទួលបានពីសកលភាវូបនីយកម្ម”។

ប្រភពដដែលបានបន្ដថា កិច្ចប្រជុំបានទទួលស្គាល់ថា ភាពតានតឹងទាំងនេះ អាចនាំឱ្យមានការបែកបាក់សេដ្ឋ-កិច្ច និងការកើនឡើងនូវភាពមិនច្បាស់លាស់ នៃគោលនយោបាយ ហើយនៅទីបំផុតធ្វើឱ្យហិនហោចទំនុកចិត្តទីផ្សារ កាត់បន្ថយការវិនិយោគ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរំពឹងទុក ពីកំណើនរយៈពេលវែងនៅក្នុងតំបន់។

យ៉ាងណាក្ដីកិច្ចប្រជុំបានបញ្ជាក់ ពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដើម្បីគាំទ្រអាស៊ានជាចំណុចកណ្តាលនៃកំណើននៅក្នុងតំបន់។

អង្គប្រជុំក៏បានទទួលស្គាល់បន្ថែម អំពីសារៈសំខាន់នៃការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច នៃភាពតានតឹងភូមិសាស្ត្រនយោបាយ វិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិជាសកលផ្សេងទៀតចំពោះតំបន់ ក៏ដូចជា ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគី ជាពិសេសលើបញ្ហាទាក់ទងនឹងសន្តិសុខស្បៀងអាហារ និងថាមពល។

កិច្ចប្រជុំបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្អែកលើច្បាប់ មិនរើសអើង បើកចំហ យុត្តិធម៌ បរិយាប័ន្ន សមធម៌ និងតម្លាភាពជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូលរបស់ខ្លួន។

ទន្ទឹមនឹងការបញ្ជាក់ឡើងវិញ ពីគោលការណ៍គ្រឹះរបស់ WTO កិច្ចប្រជុំបានគាំទ្រ ការឆ្ពោះទៅធ្វើកំណែទម្រង់ចាំបាច់នៃWTO ដើម្បីកែលម្អមុខងារទាំងអស់របស់ខ្លួន។

កិច្ចប្រជុំបានរំឭកថា សមាជិក WTO នៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រី WTO លើកទី១២ បានទទួលស្គាល់បញ្ហាប្រឈម និងកង្វល់ទាក់ទងនឹងប្រព័ន្ធដោះស្រាយវិវាទ រួមមាន បញ្ហាពាក់ព័ន្ធនឹងស្ថាប័នបណ្តឹងឧទ្ធរណ៍ ដោយទទួលស្គាល់ពីសារៈសំខាន់ និងភាពបន្ទាន់នៃការដោះស្រាយបញ្ហាប្រឈម និងកង្វល់ទាំងនោះ។ អង្គប្រជុំបានប្តេជ្ញាថានឹងពិភាក្សា ក្នុងគោលបំណង ដើម្បីឱ្យមានប្រព័ន្ធដោះស្រា​យវិវាទពេញលេញ និងដំណើរការល្អ ដែលអាចចូលជាសមាជិក WTO ទាំងអស់នៅឆ្នាំ២០២៤។

កិច្ចប្រជុំបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែងដើម្បីភាពជោគជ័យ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីWTO លើកទី១២ និងបានកោតសរសើរ ចំពោះការគាំទ្រការស្រាវជ្រាវជាបន្តបន្ទាប់ ដែលវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) រួមចំណែកដល់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា។

កិច្ចប្រជុំបានកត់សម្គាល់លើឯកសាររបស់ERIA ស្តីពី “ការជំរុញអន្តរកាលសេដ្ឋកិច្ចវិលជុំ តាមរយៈឌីជីថលភាវូបនីយកម្ម យុទ្ធសាស្ត្រស្តីពីសកម្មភាពរួម ក្នុងបណ្តាប្រទេសនៃកិច្ចប្រជុំកំពូល អាស៊ីបូព៌ា”ដែលគូសបញ្ជាក់ពីសារៈសំខាន់ នៃឌីជីថលនីយកម្មជាកត្តាជំរុញសេដ្ឋកិច្ចវិលជុំបន្ថែមទៀត។

កិច្ចប្រជុំបានបញ្ជាក់ពីការគាំទ្រ ប្រទេសទីម័រខាងកើត ដើម្បីក្លាយជារដ្ឋសមាជិកអាស៊ាន តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ហើយក៏បានលើកទឹកចិត្ត ដល់រដ្ឋាភិបាលទីម័រ ខាងកើត ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់សមាជិកភាពអាស៊ាន។

កិច្ចប្រជុំបានកត់សម្គាល់ ពីការអនុវត្តកិច្ចសហប្រតិបត្តិការនៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដែលផ្តល់ការណែនាំ សម្រាប់កិច្ចសហប្រតិបត្តិការរបស់អាស៊ាន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។

នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានគូសបញ្ជាក់អំពីតួនាទីសំខាន់ នៃបណ្តាប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ច ក្នុងតំបន់ឡើងវិញកសាងអនាគត ប្រកប​ដោយនិរន្តរភាព បង្កើតការងារ និងបង្កើនភាពធន់នឹងផលប៉ះពាល់បរិស្ថាន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here