ផ្សារហ៊ុននៅតំបន់អាសុីងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
ហុងកុង: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលទ្ធផលប្រាក់ចំណូលដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nvidia បានជំរុញសង្កាត់ភាគហ៊ុន Wall Street ខណៈការថយចុះនៃផលប័ត្រសញ្ញាប័ណ្ណអាមេរិកបានបន្ថយសម្ពាធលើថ្លៃចំណាយលើការខ្ចីប្រាក់ទូទាំងពិភពលោក។

ទន្ទឹមគ្នានេះ ក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលលទ្ធផលនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារកណ្តាលអាមេរិកនៅទីក្រុង Jackson Hole ក្នុងរដ្ឋ Wyoming។

ធនាគារកណ្តាលអាមេរិកកំពុងរៀបចំសន្និសីទប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុង Jackson Hole ក្នុងរដ្ឋ Wyoming ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ដោយផ្តោតលើការថ្លែងសុន្ទរកថារបស់លោកប្រធាន Jerome Powell នៅថ្ងៃសុក្រស្អែកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមពីនេះ វិនិយោគិនក៏កំពុងតាមដានការសម្រេចចិត្តទៅលើអត្រាការប្រាក់ និងការណែនាំគោលនយោបាយពីប្រទេសកូរ៉េខាងត្បូង និងឥណ្ឌូនេស៊ីនៅថ្ងៃព្រហស្បតិ៍នេះផងដែរ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើង០,៧ភាគរយ ដែលជំរុញដោយទស្សនវិស័យប្រាក់ចំណូលដ៏ល្អរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Nvidia។

ភាគហ៊ុនរបស់សហរដ្ឋអាមេរិក S&P 500 e-minis បានងើបឡើងថ្លៃ០,៥ភាគរយ។ ភាគហ៊ុនអូស្ត្រាលីបានងើបឡើង០,២៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ជប៉ុនបានងើបឡើង០,២៣ភាគរយ។

សន្ទស្សន៍ Blue-chip CSI300 របស់ប្រទេសចិនបានងើបឡើង០,៥១ភាគរយក្នុងការជួញដូរដំបូង។ ចំណែកឯ សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើង០,៨២ភាគរយនៅពេលបើក។

នៅសង្កាត់ Wall Street ភាគហ៊ុន Dow Jones Industrial Average បានងើបឡើងថ្លៃ០,៥៤ភាគរយ ភាគហ៊ុន S&P 500 បានងើបឡើង១,១០ភាគរយ ហើយភាគហ៊ុន Nasdaq Composite បានងើបឡើង១,៥៩ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here